(ភ្នំពេញ)៖ លោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង បានផ្តល់ថវិកាចំនួន ១៧៥០០០០ដុល្លារអាមេរិក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាងសង់អាគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបម្រើការងា រដល់កម្លាំងសម្រាប់ធ្វើការប្រចាំថ្ងៃ។

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ការផ្តល់ថវិកានេះ តបតាមការអំពាវនាវរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលស្វែងរកថវិកាពីសប្បុរសជន សម្រាប់សាងសង់ទីបញ្ជាការដ្ឋាន សម្រាប់ឲ្យកងរាជអាវុធមានកន្លែងបម្រើការសមរម្យ។

លោកឧកញ៉ា ខូវ សម្បត្តិ ត្រូវបានសាធារណជនស្គាល់ថា ជាកូនប្រុសរបស់អ្នក​ឧកញ៉ា ថេង ប៊ុនម៉ា និងជាអតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧកញ៉ាតែងតែ ចូលរួមក្នុងការងារមនុស្សធម៌ជួយសង្គម និងជនទីទ័លក្រផងដែរ។

ជាក់ស្តែង ក្នុងពិធីអបអរសាទរខួប ១៥៣ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ លោកឧកញ៉ា ខូវ សម្បត្តិ បានឧត្ថម្ភថវិកាសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ដល់កាកបាទក្រហមកម្ពុជា ១១ម៉ឺនដុល្លារអាមេរិក ក្នុងនោះ ក្នុងឋានៈអគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង លោកឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ និងឋានៈជាអគ្គនាយក ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ។

សម្រាប់ការសាងសង់ទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសនេះ លោកឧកញ៉ា ហុង ពាវ ម្ចាស់បូរីពិភពថ្មី ក៏បានផ្តល់ថវិកាចំនួន ៣៦ម៉ឺនដុល្លារជូន នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។

អគារសេនាធិការដ្ឋានដ៏ស្កឹមស្កៃ លេចរូបរាងឡើងក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺកើតឡើងដោយការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគៀងគរ ស្វះស្វែងរកជំនួយឧបត្ថម្ភ ពីបណ្តាសប្បុរសជន ដើម្បីជាប្រយោជន៍ ទទួលបាន សំណង់អគារ កន្លែងបំពេញការងារប្រកបដោយភាពរីកចម្រើន និងសក្តានុពល ។

បើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា មិនត្រឹមតែបានគិតគូរខ្ពស់ និងសម្រេចកសាងអគារសេនាធិការដ្ឋាន ដ៏ស្កឹមស្កៃរួចរាល់ជាស្ថាពរ មកទល់ពេលនេះប៉ុណ្ណោះទេ គឺលោកបាននឹងកំពុងបន្តការសាងសង់អគារស្នាក់នៅកងអន្តរាគមន៍ ដែលមានទំហំបណ្តោយ៥៦ម៉ែត្រ គុណនឹង១២ម៉ែត្រ កម្ពស់៤ជាន់ ជាមួយនឹងការរៀបចំប្រព័ន្ធលូ ចាក់បេតុងទីធ្លា ដាំដើមឈើ ធ្វើសួនច្បារ របង ។ល។

លោកឧត្តមសេនីយ៍បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារទាំងនេះ នឹងត្រូវដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខេនះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕