(បន្ទាយមានជ័យ)៖ សាច់មាន់ និងជង្គង់មាន់ ខូចគុណភាពដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅពេលបរិភោគនោះ នៅតែមានការហូរចូលមិនដាច់នោះទេ ពីការនាំចេញមកពីប្រទេសថៃ តាមច្រករបៀង នៅក្នុងខេត្តបន្ទាយមានជ័យ យកមកចែកចាយនៅតាមបណ្តាខេត្តនានានៅកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងមន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះបង្ក្រាប ការដឹកជញ្ជូនសាច់ខូចគុណភាពទាំងនេះមួយរថយន្ត នៅចំណុចផ្សារមង្គល ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក ហុង លាង អនុប្រធានទី១ ទទួលបន្ទុកស្ថិតិ និងទីផ្សារ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត លើការទប់ស្កាត់បទល្មើសទាំងនេះរួចមក លោកបានដឹកនាំមន្រ្តីជំនាញ សហការជាមួយកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចដឹកនាំដោយ លោកអនុសេនីយ៍ឯក ហុក ចិត្រា បានចុះទៅបង្ក្រាបរថយន្តមួយម៉ាក Camry ឆ្លាមពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខបន្ទាយមានជ័យ 2C-9188 ពេលដឹកសាច់មាន់ និងជង្គង់មានខូចគុណភាព ៣២០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ។

លោក ហុក ចិត្រា ក៏បានឲ្យដឹងផងដែរ ក្រោយការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក មាស រ៉ាវុធ កម្លាំងរបស់លោក បានសហការជាមួយមន្រ្តីកាំកុងត្រូលខេត្ត ចុះទៅបង្ក្រាបរថយន្តខាងលើ ព្រមទាំងរកឃើញសាច់មាន់ និងជង្គង់មាន់ខូចគុណភាពទាំងនេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

បើតាមលោក ហុង លាង នៅថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ច ក៏បានរៀបចំពិធីដុតកម្ទេចចោលផងដែរ នៅចំណុច កាស៊ីណូ ផ្កាយប្រាំ៕