(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងអង្គការ St John នៃប្រទេសសឹង្ហបូរី បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ការផ្សព្វផ្សាយការយល់ដឹងអំពីជំនាញសង្គ្រោះ​បឋម» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានសិក្ខាកាម និង សមាជិកចូលរួមជាង២០០នាក់។

លោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ អនុប្រធានប្រត្តិបត្តិ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានឲ្យដឹងថា សិក្ខាសាលាត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «ផ្សព្វផ្សាយការយល់ដឹង អំពីជំនាញសង្គ្រោះបឋម»។ សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណង ដើម្បីបង្កើនការយល់អំពី វិធីសាស្រ្តថ្មីៗ នៃការសង្គ្រោះបឋម តាមរយៈការធ្វើបទបង្ហាញ ពីអ្នកជំនាញអង្គការ St John នៃប្រទេសសឹង្ហបូរី ដែលចំណេះដឹងទាំងនេះ មានសារៈប្រយោជន៍ខ្លាំងណាស់ក្នុងការសង្គ្រោះបឋមជួយដល់ប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន​ សម្តេចតេជោ(TYDA) និងភរិយាដែលតែងតែយកចិត្តទុកដាក់ ចំពោះការបណ្តុះ​បណ្តាលបង្កើន សមត្ថភាពដល់សមាជិក TYDA ក្នុងការជួយលើក កម្ពស់សុខមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) មានបេសកកម្ម ផ្តល់សេវាសុខាភិបាល ដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតប្រាក់ មិនប្រកាន់និន្នាការនយោបាយ ឫសាសនា​អ្វីឡើយ។ លទ្ធផលនៃសកម្មភាពមនុស្សធម៌របស់TYDA គឺ បានមកពីការ ចូលរួមកម្លាំងស្ម័គ្រចិត្ត និង ផ្នែកពាក់ព័ន្ធទាំងអស់ ដែលកន្លងមក បានចុះព្យាបាលទៅតាមទីជនបទ បណ្តាខេត្តនានា តាមអង្គការក្មេងកំព្រា តាមសហគម រោងចក្រ ហើយបានពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ បានជាង១៤ម៉ឺននាក់នៅទូប្រទេស មិនតែប៉ុណ្ណោះ សមាគមបានបញ្ជូន អ្នកជម្ងឺ ដែលមានសភាពធ្ងន់ធ្ងរ មកវះកាត់ និងព្យាបាលបន្ត នៅភ្នំពេញផងដែរ៕