(កណ្ដាល)៖ វីដេអូមួយខ្សែបានបង្ហាញពីសកម្មភាពរបស់ក្រុមជនអន្តោប្រវេសន៍មួយក្រុមជាជនជាតិវៀតណាម បានបុកទម្លុះរបង និងប៉ះទង្គិចគ្នាជាមួយកងសន្តិសុខកាស៊ីណូ យីហោ Golden Phonix Entertainment នៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សំដៅលោតចូលទន្លេហែលឆ្លងទៅត្រើយម្ខាងដែលជាប្រទេសវៀតណាម។
ចំពោះព័ត៌មាននេះ ភ្នាក់ងារព័ត៌មាន Fresh News ព្យាយាមស្នើសុំការពន្យល់លម្អិតពីថៅកែកាស៊ីណូយ៉ាងណាក្ដី ក៏អ្នកគ្រប់សន្តិសុខមិនអនុញ្ញាតឲ្យសួរនាំព័ត៌មានអ្វីឡើយ ហើយក៏មិនឆ្លើយតបអ្វីដែរ។
ភ្លាមៗនោះដែរ បន្ទាប់ពីកើតករណីនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានថ្លែងបញ្ជាក់ប្រាប់ក្នុងប្រព័ន្ធTelegramថា ករណីនេះមិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទំលុសទ្វាររបង រត់ចេញ ប៉ះគ្នាជាមួយសន្តិសុខ របួសសន្តិសុខ៣នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុន។
ទោះយ៉ាងណា គេសង្កេតឃើញលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងចុះមកដល់កាស៊ីណូនេះដោយផ្ទាល់ ហើយនាល្ងាចថ្ងៃនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ព្រមទាំងកម្លាំងយ៉ាងច្រើននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍វេលាម៉ោងជិត៨យប់នេះ ក៏ឃើញមានវត្តមានមកដល់កាស៊ីណូនេះផងដែរ។
គិតមកដល់ម៉ោងនេះ មិនទាន់នរណាម្នាក់អាចបញ្ជាក់មកកាន់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនូវព័ត៌មានលម្អិតយ៉ាងណានោះឡើយ៕