(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ទទួលដំណឹងពីការលិចលង់ផ្លូវថ្នល់ ដោយសារទឹកភ្លៀងនៅតំបន់ម្តុំគល់ស្ពានព្រែកព្នៅ បានដឹកនាំអភិបាលរង នាយករដ្ឋបាល ចៅសង្កាត់ កម្លាំងសណ្ដាប់ធ្នាប់ ចុះបូមទឹកដែលលិចដោយសារភ្លៀងធ្លាក់ខ្លាំង។

ភ្លាមៗលោក ធឹម សំអាន បានចុះដល់ទីតាំងផ្ទាល់ ដោយបានយកម៉ាស៊ីនប៉ូមទឹក ចេញពីផ្លូវថ្នល់ និងអោយកម្លាំងសណ្តាប់ធ្នាប់ កាយសំរាម កាយភក់ចេញពីមាត់លូ ដើម្បីនាំទឹកទាំងនោះ ចេញអោយអស់ពីផ្លូវថ្នល់។ សូមបញ្ជាក់ថា រយៈពេលកន្លងមក នៅតាមផ្លូវនេះ តែងតែលិចលង់ដោយសារទឹកភ្លៀង ។

ជាមួយគ្នានេះ លោក ធឹម សំអាន បានបញ្ជាទៅគ្រប់បណ្តាសង្កាត់ទាំងអស់ក្នុងមូលដ្នាន ដោយស្នើអោយរាយការណ៍ជាបន្ទាន់ ពេលមានការលិចលង់ដោយទឹកភ្លៀង ដើម្បីចុះអន្តរាគមន៍ ក្នុងការរំដោះទឹកភ្លៀងអោយទាន់ពេលវេលាចេញពីផ្លូវថ្នល់ និងលំនៅស្ថានបងប្អូនប្រជាពលរដ្ឋផងដែរ ៕