(តាកែវ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងបញ្ចុះបឋមសិលាកសាងបណ្ណាល័យ និងពុទ្ធាសនៈ ស្ថិតក្នុងវិទ្យាល័យ ក្រពុំឈូក ក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២។

ពិធីនេះមានការនិមន្តយាងពីសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ, ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

មហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាមាតាបង្កើតលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត, ឧកញ៉ា ឃុន ម៉េង និងលោកស្រី សួង ខាហ្គ៊េច, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឡុង ប៊ុនយ៉េន ទីប្រឹក្សាគណៈសង្ឃនាយក, មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សួង ខាងីង, មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន លីវ។

បណ្ណាល័យ និងពុទ្ធាសនៈ ដឹកនាំកសាងដោយព្រះញាណសត្ថា សំ សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះនាយករង ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

បណ្ណាល័យដែលស្ថិតក្រោមការសាងសង់នាពេលនេះ គឺសម្រេចបានប្រមាណ ៦០ភាគរយ ដែលបច្ចុប្បន្នត្រូវការថវិកាបន្ថែម ដើម្បីបង្ហើយការសាងសង់ឱ្យបានឆាប់រហ័ស។

បណ្ណាល័យនេះ ក្រោយសាងសង់រួច គឺនឹងក្លាយជាសមិទ្ធផលថ្មី ដែលនឹងចូលរួមផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការបណ្ដុះធនធានមនុស្ស ខណ:ដែលសព្វថ្ងៃ សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាង ១,២០០នាក់ ដែលកំពុងសិក្សានឹងអាចចូលសិក្សាស្វែងយល់បន្ថែមពីបណ្ណាល័យមួយនេះ។

ក្នងឱកាសនោះផងដែរ ក៏មានការចែកជូននូវអំណោយចំពោះលោកគ្រូអ្នកគ្រូចំនួន៩៩នាក់ ដោយក្នុងលោកគ្រូ អ្នកគ្រូម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០រៀន, សិស្សានុសិស្សចំនួន ១,២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០០រៀល សៀវភៅ០២ក្បាល ប៊ិក០២ដើម, ប្រជាការពារ និងកងកម្លាំងប្រមាណ៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម៥០,០០០រៀលផងដែរ៕