(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែងចំនួន៤០០នាក់ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក សុខ សំណាង តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ និងលោក ជា សុវណ្ណ អ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌ និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងវែងផងដែរ។

នាឱកាសនោះ លោក ម៉ម ប៊ុននាង បានផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង និងលោកស្រី ជូនពោះក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោក ម៉ម ប៊ុននាង បានថ្លែងបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដោយធានាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម។ ក្រោមពន្លឺសន្តិភាព ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជំនាន់ក្រោយ។

ប្រធានគណៈកម្មការ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ នេះជាលក្ខខណ្ឌដ៏ចាំបាច់បំផុតសម្រាប់ ប្រជាពលរដ្ឋយើង ពិសេសក្មួយៗដែលទើបគ្រប់អាយុបោះឆ្នោត ដើម្បីឈានទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក ម៉ម ប៊ុននាង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមសាមគ្គីភាព ចូលរួមថែរក្សាសុខសុវត្ថិភាព សន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងភូមិ ឃុំរបស់យើង ឱ្យកាន់តែរីកចម្រើនស្រស់ បំព្រងឡើងថែមទៀត។

ជាមួយគ្នានេះ លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿតាមពាក្យភូតភរ ញុះញង់របស់ជនអគតិមួយចំនួន ដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។ សូមបងប្អូនជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការ ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គរាប់សែនជំពូក ហើយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំយកអំណោយ សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋទាំង៤០០នាក់ ក្នុងម្នាក់ៗទទួលបាន៖ សំលៀកបំពាក់ ០១ឈុត សេរ៉ូមលាបមុខ ០១ប្រអប់ ម៉ាស់បិទមុខ ០២ប្រអប់ និងម្សៅទ្រនាប់លាបមុខ ០៥ប្រអប់ និងថវិកាចំនួន២០,០០០រៀល។ ទន្ទឹមនោះលោក ម៉ម ប៊ុននាង ក៏បានឧបត្ថម្ភថវិកាសម្រាប់ការរៀបចំអង្គពិធី ព្រមទាំងបានចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋនៃឃុំត្រពាំងវែង ដោយចំណាយអស់ថវិកាសរុបចំនួន១១លានរៀល។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលចែកជូនដល់ប្រជាពលរដ្ឋនាឱកាសនេះ គឺមានការរួមចំណែកដ៏ធំធេងពីសំណាក់មូលនិធិចែករំលែកសង្រ្គោះជីវិតសាកល នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។

អង្គការចែករំលែកជួយសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជាមូលនិធិដែលជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក ៕