(ភ្នំពេញ)៖ ស្ត្រីវ័យ ៤០ឆ្នាំម្នាក់ ដែលលង់នឹងការពង្វក់របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបក្ខពួក បានរត់ចោលកូន៣នាក់ និងស្វាមី ទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមដូនចាស់ជាម្តាយ បានឱ្យដឹងថា ស្រ្តីរូបនោះ មានឈ្មោះ លី សុនីតា អាយុ ៤០ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ។

ជាមួយការទ្រហោយំយ៉ាងសង្វេគអង្គុយរង់ចាំរកកូននៅផ្លូវចូលទៅចម្ការលោក ខឹម វាសនា ទីដែលមនុស្សរាប់ម៉ឺននាក់ត្រូវគេកៀរគរទៅនោះ ស្ត្រីជាម្តាយ បានរៀបរាប់ថា កូនស្រីរបស់គាត់បានចាកចេញពីផ្ទះទៅនៅចម្ការ ព្រោះជឿតាមការឃោសនាថាទឹកលិចពិភពលោក។

ស្ត្រីជាម្តាយ បានអំពាវនាវសូមអាជ្ញាធរជួយអន្តរាគមន៍ឱ្យកូនស្រីរបស់គាត់បានចេញពីចម្ការត្រឡប់ទៅផ្ទះវិញ។

មកដល់ពេលនេះ នៅលើផ្លូវចូលទៅចម្ការលោក ខឹម វាសនា កន្លែងដែលកៀរគរមនុស្សចូលទៅរស់នៅក្រោមការឃោសនារត់គេចពីទឹកលិចពិភពលោកនោះ មានប្រជាពលរដ្ឋជាច្រើនបានទៅរកកូន ស្វាមី ភរិយា និងសាច់ញាតិ ដែលជាទិដ្ឋភាពមួយមើលឃើញសង្វេគជាទីបំផុត។

រហូតមកដល់ពេលនេះ បើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៅមានប្រជាពលរដ្ឋប្រមាណជាង ៣ ទៅ៤ពាន់នាក់ទៀត បន្តស្នាក់នៅក្នុងចម្ការរបស់លោក ខឹម វាសនា ខណៈប្រជាពលរដ្ឋសរុបជាង ៥ពាន់នាក់ហើយ បានចាកចេញ។

នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ ហៅលោក ខឹម វាសនា និងបក្ខពួកទៅជជែកលើការប្រមូលផ្តុំនេះ តែលទ្ធផលនៃការជជែកនោះយ៉ាងណាមិនទាន់មាននរណាដឹងនៅឡើយទេ។

ប្រជាពលរដ្ឋដែលចូលទៅស្នាក់នៅក្នុងចម្ការហាក់មានបញ្ហាផ្នែកសុខភាពខ្លាំង។ ម្នាក់ៗហាក់មានសភាពស្លេកស្លាំង និងភ្លេចភ្លាំងស្មារតី។ មហាជនបានទទូចឱ្យអាជ្ញាធរពន្លឿនកិច្ចអន្តរាគមន៍រំសាយការជួបជុំនេះ ដើម្បីចៀសបញ្ហាធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតមនុស្ស ដែលត្រូវបានគេពង្វក់ស្មារតី៕