(សៀមរាប)៖ រហូតមកដល់ពេលនេះមានសកម្មជនជាបន្តបន្ទាប់ បានចាកចេញពីចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅជើងភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបានអះអាងថា ពួកគេបានខាតបង់ថវិការាប់ពាន់រាប់ម៉ឺនដុល្លារ រយៈពេលប៉ុន្មានថ្ងៃនេះ។

តាមការវាយតម្លៃមួយរបស់កម្លាំងសមត្ថកិច្ចអំឡុងពេលយុទ្ធនាការប្រមូលផ្ដុំ នៅជើងភ្នំគូលែន តាមរយៈការឃោសនាថា «មានទឹកលិចពិភពលោក រួមទាំងប្រទេសកម្ពុជា ហើយលើកលែងតែជើងភ្នំគូលែន នៅចុងខែសីហាកន្លងទៅនេះ» នោះ លោក ខឹម វាសនា ដែលតាំងខ្លួនឯងជាព្រះព្រហ្ម អាចប្រមូលបានថវិការាប់សែនលានដុល្លារពីសកម្មជន និងអ្នកជឿលង់ងប់ងល់ ដោយសារតែអ្នកខ្លះបានប្រមូលថវិកាអស់ពីផ្ទះ ហើយអ្នកខ្លះបោះបង់ចោលការងារ មុខរបរ គ្រួសារ និងផ្ទះសម្បែង ដោយក្នុងនោះក៏មានអ្នកលក់ដី និងផ្ទះឡៃឡុងចោលទៀត។

បើតាមសមត្ថកិច្ចដែលប្រចាំការនៅមូលដ្ឋានស្រុកបន្ទាយស្រីខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋជាង ជិត៥ពាន់នាក់បន្ថែមទៀតហើយ បានចាកចេញពីចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទាំងពីរកន្លែង (មួយកន្លែង១២ហិកតា និងមួយកន្លែងទៀត២៥ហិកតា) បន្ទាប់ពីពួកគេមានការភ្ញាក់រលឹក ដោយពុំមានឃើញហេតុការណ៍អ្វីកើតឡើង ដូចការទស្សទាយរបស់មេបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ ម្យ៉ាងទៀត បាតុភូតធម្មជាតិនាពេលបច្ចុប្បន្ន ជាពិសេសទឹកជំនន់នេះតែម្ដង មិនអាចរួចផុតពីការព្យាករណ៍របស់វិទ្យាសាស្ត្របានឡើយ។

សម្រាប់ដីចំការនៅជើងភ្នំគូលែន ២៥ហិកតានោះ មានមនុស្សតិចតួចអ្នកមើលចំការប៉ុណ្ណោះ ដោយឡែកនៅចំការទំហំ១២ហិចតា គឺនៅសល់មនុស្សប្រមាណជាង១ពាន់នាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សមត្ថកិច្ច។

បើតាមកិច្ចសម្ភាសជាមួយសកម្មជន ដែលបានចាកចេញពីចម្ការរបស់លោក ខឹម វាសនា បានឱ្យដឹងថា មូលហេតុដែលពួកគេបរិច្ចាកលុយទៅឱ្យ លោក ខឹម វាសនា នោះ ដោយសារតែពួកគាត់ជឿលង់ថា លោក ខឹម វាសនា ដូចជាអាទិទេពដែលជួយពួកគាត់ និងមួយទៀត ពួកគេគិតថា នៅពេលដែលមានទឹកជំនន់លិចពិភពលោក នោះមនុស្សលោកទាំងអស់នឹងស្លាប់ ដូច្នេះមិនមានអ្វីដែលត្រូវចាយលុយទៀតទេ។

បើទោះបីជាមនុស្សមួយចំនួន បានចាកចេញពីចម្ការ លោកខឹម វាសនា រួចហើយក៏ដោយ នៅក្នុងចំការនោះក៏នៅមានមនុស្សសេសសល់មួយចំនួនទៀត ខណៈដែលគ្រួសារ ឪពុកម្ដាយ អ្នកមួយចំនួននោះ បានរង់ចាំខាងក្រៅ ស្រែកដង្ហើយហៅកូន ហៅគ្រួសារ ឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីមើលឃើញថា ការប្រមូលផ្ដុំរបស់ លោក ខឹម វាសនា នៅជើងភ្នំគូលែន ធ្វើឱ្យប៉ះពាល់ដល់ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាប៉ះពាល់ដល់សង្គម រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់កុំឱ្យមានហានិភ័យណាមួយកើតឡើង។ ដីចម្ការរបស់ លោក ខឹម វាសនា នៅពេលនេះ ត្រូវបានបិទដោយចេញបានតែចូលមិនបាននោះឡើយ។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបរបរ ការងារ រស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដើម្បីជូនសកម្មជន និងអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ៕