(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោង៧៖១៥នាទី ព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ បានចុះទៅទីតាំងក្រុមហ៊ុនតាសុីកាង នៅក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រកឃើញជនជាតិឥណ្ឌាពីរនាក់។

ការចុះស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្ដឹង តាមទំព័រទំព័រហ្វេសបុក សម្តេចក្រឡាហោម ដើម្បីសុំឲ្យមានការអន្តរាគមន៍សុំឲ្យជួយសង្គ្រោះជនបរទេស ដោយអះអាងថា បានក្រុមហ៊ុនចាប់បង្ខាំង ដើម្បីឲ្យនៅបំរើការងារនៅខេត្តព្រះសីហនុ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ដោយមានការសហការពីម្ចាស់ទីតាំងខាងលើ កម្លាំងនគរបាលបានជួយបុរសជនជាតិឥណ្ឌាចំនួន ០២នាក់ និងនាំខ្លួនអ្នកគ្រប់គ្រង ០១នាក់ ភេទប្រុស សញ្ជាតិម៉ាឡេស៊ី មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ជនរងគ្រោះជនជាតិឥណ្ឌាពីរនាក់នោមានឈ្មោះ: ១៖ KHAN SARTAJ ភេទប្រុស អាយុ ២៦ឆ្នាំ និង២៖ ឈ្មោះ JAGADISH DAMMADI ភេទប្រុស អាយុ ២៧ឆ្នាំ។ ពួកគេ មានមុខរបរបុគ្គលិក និងស្នាក់នៅក្រុមហ៊ុនខាងលើ។ ចំណែកអ្នកគ្រប់គ្រងដែលត្រូវនាំមកសាកសួរ មានឈ្មោះ TEAN XIAO PIN ភេទប្រុស ជនជាតិម៉ាឡេស៊ី អាយុ ១៨ឆ្នាំ។

ផ្អែកតាមចម្លើយរបស់ជនរងគ្រោះទាំងពីរ និងអ្នកគ្រប់គ្រង បានអះអាងថាករណីនេះពុំមែនជាការបង្ខាំងទេ។ បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី កំពុងបន្តធ្វើការសាកសួរដើម្បីបន្តនីតិវិធី៕