(កណ្តាល)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍គម្រប់១៣ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)។

ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានអង្គរក្ស នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការពាជាតិ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងភ្ញៀវជាតិ-អន្តរជាតិចូលរួមយ៉ាងសន្ធឹកសន្ធាប់ ដោយមានការតាំងបង្ហាញយោធបរិក្ខាផ្សេងៗផងដែរ។

បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបង្កើតឡើងដាក់ឲ្យចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ បញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអ្នកធានា ផ្គត់ផ្គង់ភស្តុភារ ហិរញ្ញវត្ថុ គ្រឿងបំពាក់កម្លាំង និងហ្វឹកហ្វឺន។

បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបង្កើតឡើងដើម្បីការពារសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ និងអន្តរាគមន៍ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេសកម្ពុជា និងបានដើរតួនាទីយ៉ាងច្រើន ជាពិសេសបញ្ហាគ្រោះធម្មជាតិ គ្រោះទុរិ្ភក្ស ឬការប៉ះទង្គិចគ្នានៅតាមព្រំដែន៕