(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសបរទេសម្នាក់ និងស្រីខ្នែរម្នាក់ ករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃ ពីប្រទសអ៊ុយក្រែន។ នេះបើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ បានបញ្ចប់ការបើកការស៉ើបសួរករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃ ពីប្រទសអ៊ុយក្រែន លើឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងឈ្មោះ ដូង ធារី ភេទស្រី ជនជាតិខ្មែរ និងបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនទាំងពីរ ពីបទ «ឆបោក» តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

នេះចាត់ទុកជាព័ត៌មាន ដែលពលរដ្ឋខ្មែរគ្រប់ៗគ្នាគប្បីប្រុងប្រយត្ម័ចំពោះក្រុមទុច្ចរិតដែលរៀបចំផែនការបោកប្រាស់ជាប្រព័ន្ធ និងមានរចនាសម្ព័នពីបរទេសរហូតក្នុងប្រទេស ហើយករណីដូចគ្នានេះ ក៏កើតមាននៅប្រទេសជាប់ ខាងយើងផងដែរដូចជា ថៃ ឡាវ និងវៀតណាមជាដើម។

បទល្មើសឆបោកនេះបានកើតឡើងកាលពី អំឡុងខែសីហា ឆ្នាំ២០២២ ដោយមានគណនីហ្វេសបុកមានឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យហើយ។ ម្ចាស់គណនីឈ្មោះ PARIMALធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្រាប់ជាគោលដៅឆបោក។

បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន ១៧,៥០០ដុល្លារ តាមរយៈវីងលេខ 078 654 172 ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប ៩,១២០ដុល្លារ។

ក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន។ ចំណែកគណនីហ្វេកបុកឈ្មោះPARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថាចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម ៥០០០ដុល្លារ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ។

មុនពេលផ្ញើប្រាក់ជនរងគ្រោះ បានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែង ស្ថិតនៅសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានឈ្មោះ N’ CHO MARCEL និងឈ្មោះ ដូង ធារី។

សម្ភារដកហូតរួមមាន ប្រាក់ដុល្លារចំនួន ៥៨០០ដុល្លារ (ប្រាក់ជនរងគ្រោះ), ទូរស័ព្ទចំនួន០៤គ្រឿង (អិានចុចពិល ០២, ស្មាតហ្វូន ០២), លោហៈធាតុពណ៌លឿង (ខ្សែដៃ១, ខ្សែក១ ), ស៉ីមកាតមួយចំនួន, លិខិតឆ្លងដែន ០១ក្បាល និងសៀវភៅលេខទូរសព្ទ័របស់ជនរងគ្រោះ ០១ក្បាល៕