(មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន និងអង្គការ WWF បានបង្ហាញជំហររួមគ្នា ដើម្បីបង្កើនចំនួនប្រជាសាស្ត្រសត្វក្រពើភ្នំ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យមានចំនួនកើនឡើងនៅក្នុងព្រៃធម្មជាតិ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រសួង និងដៃគូចង់ពង្រឹងចំនួនប្រជាសាស្រ្តចំនួនសត្វក្រពើភ្នំ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការដៃគូ គឺគេឃើញវត្តមានកូនសត្វក្រពើភ្នំ កំពុងតែរស់នៅតំបន់ មួយនេះ ពិសេសនៅតាមបណ្តោយដងទន្លេស្រែពក នៅក្នុងភូមិសាស្រ្តជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី។ សម្រាប់ការសិក្សាតាំងតែពីឆ្នាំ ២០០៥មក គេឃើញមានតែស្លាកស្នាមក្នុងនេះគេឃើញលាមក ដានជើង ឬក៏ដានកន្ទុយ ប៉ុន្តែថ្មីៗនេះគេឃើញដោយផ្ទាល់នៃវត្តមានកូនសត្វក្រពើភ្នំតែម្តង»

ក្រសួងបរិស្ថាន និងអង្គការ WWF នឹងបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅតំបន់ស្រែពកតទៅបន្ថែមទៀត និងពង្រឹងវិធានការការពារទីជម្រករបស់សត្វនេះពីការគំរាមកំហែងផ្សេងៗ មានដូចជាការទន្រ្ទានដីដែលធ្វើឱ្យប៉ះពាល់ ដល់ទីជម្រក និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនចំពោះការចុះល្បាតជាប្រចាំតាមគ្រប់មធ្យោបាយទាំងក្នុង និងក្រៅតំបន់ការពារធម្មជាតិ។

ក្នុងនាមក្រសួងបរិស្ថាន, លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចាត់វិធានការរួមគ្នាជាបន្ទាន់បន្ថែមទៀតសម្រាប់ការការពារ និងអភិរក្សសត្វក្រពើភ្នំ ដើម្បីឱ្យសត្វកម្រនៅលើពិភពលោកនេះចៀសផុតពីការ ផុតពូជ និងដាក់ចេញនូវវិធីសាស្ត្រនានាដើម្បីធានាឱ្យសត្វនេះមានចំនួនកើនឡើងវិញសម្រាប់គាំទ្រការរស់រានរបស់វាតទៅអនាគត។

ក្រសួងបរិស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអង្គការអន្ដរជាតិមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងបណ្តាដៃគូដទៃទៀត ដើម្បីការពារ និងថែរក្សាធនធានព្រៃឈើ និងមរតកធនធានសត្វព្រៃរបស់កម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍សង្គម និងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងដល់ប្រជាជនជំនាន់នេះ និងជំនាន់តទៅអនាគត។

រដ្ឋលេខាធិការ បានបន្ថែមយ៉ាងដូច្នេះថា៖ «ពេលនេះយើងកំពុងសិក្សារួមគ្នាថា តើយើងពង្រឹងប្រព័ន្ធចំនួនប្រជាសាស្រ្ត នៅតំបន់សត្វស្រែពកយ៉ាងដូចម្តេច? ចំណុចសំខាន់ការដែលពង្រឹងវត្តមានសត្វក្រពើភ្នំ ដែលមានជាក់ស្តែងនៅកន្លែងនេះជាចំណុចអាទិភាព។

យ៉ាងណាក្តីបើចំនួនសត្វក្រពើភ្នំមានចំនួនតិច ហេតុនេះបើយើងអនុវត្តស្តារសត្វប្រភេទនេះបែបធម្មជាតិ គឺវាអាចចំណាយពេលយូរ ហើយពេលខ្លះវាខាតពេលវេលាថែមទៀត។ ក្រៅពីនេះចំនួនកំណើនក៏យើងមិនអាចកំណត់ថា វាអាចកើនឡើងតាមអ្វីដែលយើងរំពឹងទុកឡើយ។ ហេតុនេះបានជាយើងសិក្សាថាតើត្រូវបង្កើនបែបថ្មី ឬយ៉ាងណា។ កន្លងមកសម្រាប់កម្ពុជាយើងបានធ្វើកិច្ចការបង្កាត់ពូជសត្វជាច្រើនមកហើយ ដូចជាពូជអណ្តើកហ្លួង គឺអង្គការមូលនិធិសត្វព្រៃ ពិភពលោក បានបង្កាត់ដើម្បីយកពន្លែងចូលទៅក្នុងធម្មជាតិ។ ចំណែកនៅខេត្តក្រចេះ ប្រភេទសត្វកន្ធាយក្បាលកង្កែប ក៏មានការបង្កាត់នូវកូនរបស់វា ហើយព្រលែងចូលក្នុងធម្មជាតិវិញ»

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមើលឃើញពីភាពចាំបាច់ក្នុងកិច្ចការពារសត្វប្រភេទមួយចំនួនដែលជិតផុតពូជ ឬក៏ជាការគំរាមកំហែងបំផុតនៅលើពិភពលោកក្នុងនេះដូចជាសត្វក្រពើភ្នំ ដែលសំបូរច្រើននៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះដូចជា៖ សត្វទន្សោង រមាំង សត្វខ្សឹប នៅប្រទេសកម្ពុជាក៏មានចំនួនច្រើនជាងគេផងដែរ។ ហេតុនេះដើម្បីកិច្ចការពារសត្វទាំងនេះឱ្យនៅគង់វង្សតទៅមុខទៀតនោះ ក្រសួងចាំបាច់ត្រូវសហការជាមួយដៃគូរ អ្នកជំនាញដើម្បីរៀបចំនូវវិធានការផ្សេងៗ ក្នុងការរក្សានិរន្តភាពនៃសត្វប្រភេទនេះឱ្យគង់វង្សនៅកម្ពុជា។

«កន្លងមកក្រសួងបរិស្ថានបានទទួលជោគជ័យមកហើយ ពីការបង្កាត់ពូជក្រពើភ្នំ ហើយធ្វើការពន្លែងកូនរបស់វា ចូលទៅក្នុងតំបន់ធម្មជាតិអារែង ខេត្តកោះកុង។នៅស្រែពកយើងមានទីតាំង និងមានសត្វក្រពើភ្នំ ស្រេចហើយដែរ ហេតុនេះ យើងចង់ពង្រឹងប្រជាសាស្រ្តសត្វក្រពើភ្នំឱ្យកើនឡើងគឺជាការងារអាទិភាពចាំបាច់ ហើយយើងត្រូវគិតគូពីផលប្រយោជន៍ ពាក់ព័ន្ធអេកូឡូស៊ី និងពាក់ព័ន្ធជាមួយវិស័យទេសចរធម្មជាតិ កិច្ចការទាំងអស់នេះក្រសួងបរិសា្ថនគាំទ្រ យើងនឹងប្រឹងប្រែងធ្វើកិច្ចការងាររួមគ្នាដើម្បីឱ្យទីតាំងកន្លែងនេះមានប្រសិទ្ធភាពថែមទៀត»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ក្រសួងបរិស្ថាន។

បើតាមលោក សេង ទៀក ប្រធានអង្គការ WWF អង្គការរបស់លោក នឹងសហករជាមួយក្រុមអភិរក្សដែនជម្រកស្រែកពក និងក្រសួងបរិស្ថាន ដើម្បីរៀបចំការពង្រឹងប្រជាសាស្ត្រដែលតាមការសិក្សាមានប្រមាណជាង១០ក្បាល។ លោកថា ការសិក្សាបានរកឃើញថាការបន្តពូជរបស់ក្រពើភ្នំ មានភាពយឺតយ៉ាវបន្តិច ដូច្នេះដើម្បីឱ្យមានកំណើនសត្វក្រពើភ្នំដែលជាសត្វកម្រហើយមានភាពទាក់ទាញផ្នែកទេសចរណ៍នឹងយកមកដាក់នៅក្នុងតំបន់ស្រែពកថែមទៀត។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា៖ «អញ្ចឹងខ្ញុំគិតថាលទ្ធភាពសត្វព្រៃដែលយើងជំរុញកើនចំនួននោះ គឺនៅពេលគេចូលមើលព្រៃនឹង មានការទាក់ទាញភ្ញៀវទេសខ្លាំង ហើយវាបង្កើនចំណូលដល់សហគមន៍ផង និងជាតិផង»

លោកថាអង្គការ និងរាជរដ្ឋាភិបាលក៏បានព្យាយាមធ្វើការទាក់ទាញផ្នែកទេសចរណ៍ពីតំបន់អង្គរងាកមកចាប់អារម្មណ៍ចំពោះទសេចរណ៍ព្រៃឈើ និងសត្វព្រៃវិញ។ គួរបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយ សម្រាប់ការរស់រាននៃសត្វក្រពើភ្នំដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ ចំណែកនៅលើពិភពលោកចំនួនសត្វក្រពើភ្នំ ដែលស្ថិតក្នុងវ័យអាចបន្តពូជបានមានប្រមាណមិនលើសពី ១,០០០ក្បាលឡើយ៕