(ភ្នំពេញ)៖ យោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋ, អាជ្ញាធរខណ្ឌបឹងកេងកង នៅយប់ថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិបាលខណ្ឌ បានដឹកនាំមន្រ្តីចុះណែនាំ ធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មចំនួន៣ទីតាំង ដែលបានបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់អាធ្រាត្រ។

មន្ត្រីសាលាខណ្ឌបឹងកេងកង បានឲ្យដឹងថា ទីតាំងទាំង៣ខាងលើ ដែលរងបណ្តឹងរបស់ប្រជាពលរដ្ឋនោះរួមមាន៖

*ទី១៖ ភោជនីយដ្ឋានយីហោ «កាត់ចិត្ត» នៅតាមផ្លូវ២៧៨ ភូមិ៧សង្កាត់ បឹងកេងកងទី១
*ទី២៖ ភោជនីយដ្ឋានយីហោ «BBQ BAR» នៅលើផ្លូវ៣២២ ភូមិ៤ សង្កាត់បឹងកេងកងទី១
*ទី៣៖ ទីតាំងឃ្លាំងបន្លែនៅផ្លូវលេខ៤០២ ជិត ICU Clinic។

មន្ត្រីជំនាញ បានប្រាប់ថា មុននឹងឈានដល់ការចុះមកណែនាំ និងធ្វើកិច្ចសន្យានេះ គឺមន្ត្រីអាជ្ញាធរមូលរដ្ឋាន បានទទួលបណ្តឹងពីប្រជាពលរដ្ឋរស់នៅក្បែរៗទីតាំងខាងលើនេះ ច្រើនលើកច្រើនសារមកហើយ ទើបលោកអភិបាលខណ្ឌ សុខ សម្បត្តិ ចុះមកណែនាំឲ្យកែតម្រូវ ឬរៀបចំបច្ចេកទេសឡើងវិញ ធ្វើយ៉ាងណាកុំឲ្យសម្លេងឮចេញក្រៅ ដែលបង្កការរំខានពេលដេកពួនរបស់ប្រជាជនជិតខាង។

ប្រជាពលរដ្ឋសង្ឃឹមថា ក្រោយអាជ្ញាធរចុះណែនាំ ម្ចាស់ទីតាំងទាំង៣ នឹងអនុវត្តតាម ហើយចេះដឹងសុខទុក្ខការរស់នៅប្រជាពលរដ្ឋក្បែរខាងជាក់ជាមិនខានឡើយ៕