(រតនគិរី)៖ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ FFI អង្គការ WWF អង្គការ WEA អង្គការ ACCB និងអង្គការសន្សំម្លប់ព្រៃ បានរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរីដើម្បីបញ្ឍប់វិបត្តិអន្ទាក់ និងការបរបាញ់សត្វព្រៃគ្រប់ប្រភេទក្នុងព្រៃធម្មជាតិកម្ពុជា សំដៅអភិរក្សសត្វព្រៃកម្ពុជា ឱ្យនៅគង់វង្សនិងមានចំនួនសម្បូរឡើងវិញ។

សេចក្តីប្រកាសព័ត៌មានរួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា «យុទ្ធនាការអន្ទាក់សូន្យ» បានចាប់ផ្តើមជាផ្លូវការនៅខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមការផ្តួចផ្តើម និងដឹកនាំរបស់ក្រសួងបរិស្ថាន និងមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍។ យុទ្ធនាការអន្ទាក់សូន្យ មានរយៈពេល ៦ខែ ដោយផ្តោតលើខេត្តគោលដៅចំនួន៦រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ។

ខេត្តរតនគិរី គឺជាខេត្តទី៦ និងចុងក្រោយគេ ដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យនេះ មុននឹងឈានបិទបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ ស្ថិតនៅភូមិភាគឥសាន្ត ខេត្តរតនគិរី មានសម្បតិ្តធនធានធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែប ក៏ប៉ុន្តែនាទសវត្សរ៍ចុងក្រោយនេះ ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃ បង្កើតជាកត្តាប្រឈមដ៏សំខាន់ដែលធ្វើឱ្យចំនួនសត្វព្រៃមានការថយចុះជាលំដាប់ និងអាចប្រឈមការបាត់ពូជសត្វព្រៃមួយចំនួន។ ការបរិភោគសាច់សត្វព្រៃ គឺជាកត្តាជំរុញធ្វើឱ្យមានការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃ។

យុទ្ធនាការអន្ទាក់សូន្យនាថ្ងៃនេះ គឺប្រារព្ធធ្វើនៅចំថ្ងៃដែលពិភពលោករៀបចំទិវា «យល់ដឹងពីសត្វត្មាតអន្តរជាតិ»។ តាមរយៈលទ្ធផលជំរឿនសត្វត្មាតចុងក្រោយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ របស់ក្រុមការងារអភិរក្ស សត្វត្មាតកម្ពុជា បានកត់ត្រាសត្វត្មាតជិតផុតពូជចំនួន ១៣៤ក្បាល ក្នុងនោះមានវត្តមានសត្វត្មាតភ្លើងចំនួន ១៩ក្បាល ត្មាតត្នោតចំនួន ៤៤ក្បាល និងត្មាតផេះមានចំនួន ៧១ក្បាល។ ខេត្តរតនៈគិរី គឺជាខេត្តសំខាន់មួយដែល មានទីជម្រកធម្មជាតិ ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់កម្ពុជាយើង ប៉ុន្តែក្រុមការងារអភិរក្សសត្វត្មាត មានការព្រួយបារម្ភលើសម្ពាធនៃការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលដែលបន្តកើតឡើង ហើយកត្តានេះនឹងធ្វើឱ្យចំនួនសត្វត្មាតដែលមានវត្តមានៅក្នុងខេត្តរតនគិរី នឹងបន្តធ្លាក់ចុះរហូតដល់អាចគ្មានវត្តមានរបស់ពួកវាផងដែរ នៅពេលអនាគត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យ គឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្ស និងដៃគូអភិវឌ្ឍន៍ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៉ី កាន់តែមាននិរន្តរភាព។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ «សត្វព្រៃបានដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពប្រព័ន្ធអេកូឡូស៉ី ហើយការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងធ្វើឱ្យប៉ះពាល់ដល់លំនឹងប្រព័ន្ធអេកូឡូស៉ី។ លើសពីនេះ សត្វព្រៃជាសក្តានុពលយ៉ាងសំខាន់ ក្នុងការជំរុញទេសចរណ៍ធម្មជាតិ ដែលជាយន្តការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើតចំណូលជូនពលរដ្ឋ។ យើងទាំងអស់គ្នា នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងស្នើសុំអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួមការពារអភិរក្សសត្វព្រៃ»

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាលើកឡើងថា ប្រទេសកម្ពុជាបានឈានមុខគេបង្អស់ នៅក្នុងតំបន់អាស៉ីភាគអគ្នេយ៍ លើការដោះស្រាយវិបត្តិអន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងមានការថយចុះចំនួនរបស់វាគួរឲ្យព្រួយបារម្ភ។ លោកបានបន្ថែមថា៖ «បញ្ហាអន្ទាក់នេះ ចាំបាច់ត្រូវដោះស្រាយព្រមគ្នាជាមួយ យុទ្ធសាស្រ្តអប់រំផ្សព្វផ្សាយ ការពង្រឹងការអនុវត្តន៍ច្បាប់ ការបង្កើនទោសពិន័យ និងការបង្កើតជម្រើសថ្មីសម្រាប់ប្រជាជនមូលដ្ឋាន»

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា យើងបានគាំទ្រដល់ដែនជម្រកសត្វព្រៃលំផាត់ចាប់ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយលទ្ធផល នៃការអង្កេតបានបង្ហាញថា ការបរបាញ់មានការកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ ២០១៦ សត្វត្មាតយ៉ាងតិច ៥ក្បាលត្រូវងាប់ដោយការបំពុលក្នុងដែនជម្រកសត្វព្រៃនេះ។ កំណើនមនុស្សដែលចូលទៅក្នុងតំបន់ការពារធម្មជាតិ ជាកត្តាមួយដែលជំរុញឱ្យការដាក់អន្ទាក់និងការបំពុលកើនឡើង។