(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាព បានលើកឡើងថា វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានស្ថិរភាពនយោបាយ។

លោកស្រីបានថ្លែងយ៉ាងដូច្នេះ ក្នុងពេលចូលរូមកម្មពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ពុទ្ធាភិសេក ឆ្លងខឿនព្រះពោធិព្រឹក្ស និងសមិទ្ធិផលនានា ព្រមទាំងរាប់បាត្រប្រគេនភត្តដល់ព្រះសឃ្ឃ២៥០អង្គ នៅក្នុងវត្តក្រសាំងមានជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ និងមានការអញ្ចើញចូលរួមពីលោក ជាម ប៉េអា សមាជិករដ្ឋសភា លោកអភិបាលស្រុក អភិបាលរង កងកម្លាំងទាំងបី និងពុទ្ធបរិស័ទ្ធចំណុះជើងទាំងអស់ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាល ពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។

លោកស្រី បានបន្តថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលកើតចេញពីការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរក្រោមម្លប់នៃសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅពោរពេញដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងការដាក់ចេញឱ្យអនុវត្តនូវគោល នយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ធ្វើឱ្យមូលដ្ឋាននានានៅជុំវិញប្រទេស ជាពិសេសខេត្តកំពង់ធំមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់។

លោកស្រីបន្ថែមថា «ដូច្នេះយើងទាំងអស់គ្នាត្រូវគោរពស្រឡាញ់អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ គោរពដឹងគុណ ស្ថាបនិកមគ្គុទេស៍ឯកនិងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្យកកើតមាននូវសមិទ្ធិផលជាច្រើនបម្រើឱ្យផលប្រយោជន៍សាធារណៈ»៕