(ក្រចេះ)៖ មេឃភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងមានរន្ទះបាញ់ត្រូវស្រ្តីចំនួន២នាក់ បណ្តាលឲ្យរងរបួសម្នាក់ និងស្លាប់ម្នាក់ នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងអង្គុយអាហារនៅខ្ទមចំការ។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

យោងតាមរបាយការណ៍ នគរបាលស្រុកឆ្លូងដែលម្នាក់ងារ Fresh News ទទួលបាន នៅថ្ងៃទី៤ ខែកញ្ញានេះ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជា សាវន អាយុ៤៦ឆ្នាំ មានទីលំនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លង ខេត្តក្រចេះ បានស្លាប់ ចំណែកអ្នករងរបួសឈ្មោះ ខុម មករា អាយុ៣៦ឆ្នាំ មានទីលំនៅជាមួយគ្នា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរងរបួសស្រាល។

ពួកគាត់ទាំងពីរនាក់ កំពុងតែអង្គុយហូបអាហារ នៅក្នុងខ្ទមចំការ នៅចំណុចត្នោតមួយដើម ស្ថិតក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ដក្រចេះ ក៏ត្រូវរន្ទះបាញ់តែម្ដង។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបច្ចេកទេស បានសហការណ៍ជាមួយប៉ុស្ដិ៍រដ្ឋបាលឃុំកំពង់ដំរី ចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសពឃើញថា ពិតជាត្រូវរន្ទះបាញ់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕