(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា រយៈពេលថ្មីៗនេះ មានបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន បានធ្វើការចែកចាយបន្តគ្នា នូវវីដេអូឃ្លីបស្រ្តីជនជាតិវៀតណាម (ចេះភាសាខ្មែរ) ម្នាក់ ដែលបានបង្ហោះដោយលើកឡើងថា ខ្លួនត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឲ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយ នៅក្នុងខេត្តព្រះសីហនុ។

តាមប្រភពរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣៖០០នាទីរសៀល កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានចុះទៅទីតាំងដែលស្រ្តីខាងលើបានបង្ហោះវីឌីអូឃ្លីបថា ត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឲ្យនៅបំរើការងារក្នុងក្រុមហ៊ុននោះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ច បានរកឃើញស្រ្តីជនជាតិវៀតណាមរូបនេះ និងនាំគាត់ និងអ្នកគ្រប់គ្រងជនជាតិចិនម្នាក់ ភេទប្រុស មកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

បន្ទាប់ពីធ្វើការសាកសួរ គឺគាត់បានធ្វើការឲ្យក្រុមហ៊ុន ចំនួន៣កន្លែង នៅក្នុងក្រុងព្រះសីហនុ ក្នុងនោះក្រុមហ៊ុន២កន្លែងទៀត មិនមានបញ្ហាអ្វីកើតឡើងចំពោះគាត់ទេ តែនៅក្រុមហ៊ុនទី៣នេះ គឺក្រុមហ៊ុនមានលក្ខខណ្ឌការងារតឹងរឹង ដោយសម្រូវឲ្យគាត់ធ្វើការច្រើនម៉ោងពី១៤ ទៅ១៥ម៉ោង ក្នុងមួយថ្ងៃ។

ដោយក្រុមហ៊ុនទី៣ខាងលើ ពេលគាត់ចូលធ្វើការដំបូង ខាងក្រុមហ៊ុនប្រាប់ថា ត្រូវធ្វើការ០៦ខែ ទើបអាចស្នើសុំឈប់បាន។ លុះពេលគាត់ធ្វើការបានជិត០៣ខែ ស្រាប់តែខាងក្រុមហ៊ុន បានឲ្យគាត់ចុះកុងត្រាថ្មី ជាលាយល័ក្ខអក្សរជាមួយក្រុមហ៊ុន ដោយធ្វើការរយៈពេល០៦ខែទៀត ជាហេតុធ្វើឲ្យគាត់មិនពេញចិត្ត។

ក្រោយមកទៀតស្ត្រីជនជាតិវៀតណាខាងលើ ទទួលបានដំណឹងថា ម្តាយរបស់គាត់មានជំងឺ គាត់បានស្នើសុំក្រុមហ៊ុនឈប់ធ្វើការ តែក្រុមហ៊ុនមិនព្រមទើបគាត់ប្តឹងសមត្ថកិច្ច ឲ្យមកជួយគាត់យកចេញពីក្រុមហ៊ុនតែម្តង។

ហើយចំពោះវីដេអូឃ្លីប ដែលគាត់បាននិយាយថា គាត់បានឃើញជនជាតិចិន នៅក្នុងក្រុមហ៊ុនមានអាវុធខ្លីប្រើប្រាស់ គឺជារឿងមិនពិតទេ ហើយគាត់មិនដែលបានឃើញជនជាតិចិន មានអាវុធប្រើប្រាស់ទេ គាត់គ្រាន់តែឮគេនិយាយបន្តគ្នា គ្មានប្រភពច្បាស់លាស់។

នៅពេលដែលគាត់ថតវីដេអូឃ្លីប គាត់មានការភិតភ័យ និងព្រួយបារម្មណ៍ ទើបគាត់យំ ដោយខាងក្រុមហ៊ុនមិនបានបង្ខាំង និងវាយធ្វើបាបមកលើរូបគាត់ទេ។ ហើយមូលហេតុដែលគាត់ធ្វើបែបនេះ គឺគាត់ចង់ឲ្យសមត្ថកិច្ចមកជួយយកគាត់ចេញពីក្រុមហ៊ុនឲ្យបានលឿន ព្រោះគាត់ចង់ត្រឡប់ទៅប្រទេសកំណើត ដើម្បីមើលម្តាយឈឺ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវស្ថាប័នសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានបំភ្លៃដែលខុស ពីហេតុការណ៍បានកើតឡើងពិតប្រាកដ ដែលធ្វើឲ្យសាធារណមតិមានការភាន់ច្រឡំ៕