(ភ្នំពេញ)៖​ យោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហោះនៅរាត្រីថ្ងៃសុក្រនេះ បានឲ្យដឹងថា នៅរាត្រីនេះលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Tun Razak បានរៀបចំពិធីលៀងសាយភោជន៍ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លៀតឱកាសនៅក្នុងពិធីលៀងសាយភោជន៍ បានស្នើបន្ថែមដល់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បើកទទួលពលករពីកម្ពុជាឲ្យ បានច្រើនថែមទៀត។ ដើម្បីផ្តល់ការងារដែលមានប្រាក់ចំណូលល្អដល់ពលរដ្ឋយើងជាមួយលក្ខខណ្ឌការងារល្អៗ។ ទន្ទឹមនឹងនោះប្រទេសទាំងពីរក៏បានប្តេជ្ញា ទប់ស្កាត់រាល់នូវការជួញដូរមនុស្សឆ្លងដែន និងទប់ស្កាត់រាល់នូវអំពើភេរវកម្មអន្តរជាតិនានា ដែលបំផ្លាញដល់សន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ពិធីលៀងសាយភោជន៌យប់នេះគឺបានបង្កើននូវការយោគយល់ និងពង្រឹងនូវមិត្តភាពកាន់តែល្អប្រសើរឡើង រវាងប្រទេសយើងទាំងពីរ។ នៅថ្ងៃស្អែកនេះ ខ្ញុំ និងភរិយាព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ»