(កំពង់ឆ្នាំង)៖ ក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី រួមជាមួយនាយទាហានកងទ័ពជើងអាកាសជាច្រើនរូប និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតនៅក្នុងឃុំជ្រៃបាក់ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា បានប្រគេនទេយ្យទានមានទឹកក្រូច ត្រីខ អង្ករ មី ទឹកផ្លែឈើ ទឹកដោះគោ ទឹកសុទ្ធជាដើម និងបច្ច័យចំនួន ២,៣៥០,០០០រៀល ប្រគេនព្រះសង្ឃផងដែរ។ ព្រះសង្ឃចំនួន ១៥អង្គ និងរាប់បាត្រឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន ញាតិការទាំងប្រាំពីរសន្តានដែលបានទួលមរណៈកាលដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លា តាមរយៈពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសកាន់បិណ្ឌវេនទី១៤នេះ នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា ព្រមទាំងពុទ្ធបរិស័ទបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឱ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។

ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេតនឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕