(ភ្នំពេញ)៖ ល្ខោនបាសាក់ គឺជាសិល្បៈបុរាណខ្មែរមួយ ដែលពេញនិយមខ្លាំងនៅសម័យមុន ប៉ុន្តែសម័យបច្ចុប្បន្ន ល្ខោនបាសាក់ ហាក់ធ្លាក់ជាលំដាប់។ ការធ្លាក់ចុះ ត្រូវបានគេមើលឃើញថា ការឧបត្ថម្ភគាំទ្រល្ខោនបាសាក់ នៅមានកម្រិតទាប បើធៀបនឹងការឧបត្ថម្ភដល់ការប្រគំតន្ត្រីសម័យ (Concert) ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីអភិរក្សសិល្បៈបុរាណដ៏ល្អមួយនេះ ឲ្យបានគង់វង្ស។

ជាក់ស្តែង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣ និងទី៤ ខែតុលា ឆ្នាំ២០២២ បានបើកដំណើរការ កម្មវិធីបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។

ម្ចាស់ជើងឯកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ ក្រុមល្ខោនបាសាក់ «រស្មីវប្បធម៌ខេត្តកែប» បានបង្ហាញពីបំណងចង់ឃើញមានការឧបត្ថម្ភធំៗ​ ដល់គ្រប់ក្រុមល្ខោនបាសាក់ទាំងអស់ ឲ្យដូចជាការឧបត្ថម្ភការប្រគុំតន្ត្រីសម័យ។

លោក ញ៉ែត ទីម ដែលបានដឹកនាំក្រុមទៅប្រកួតក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ បានប្រាប់បណ្តាញ Fresh News ថា បើសិនជាមានការឧបត្ថម្ភពីក្រុមហ៊ុនធំៗ ដើម្បីឲ្យមានការសម្តែងល្ខោនបាសាក់ និងឧបត្ថម្ភក្នុងការរៀបចំឲ្យមានការប្រកួតរកជើងឯកល្ខោនបាសាក់ នឹងជួយឲ្យវិស័យសិល្បៈបុរាណមួយនេះ រីកចម្រើនដូចសម័យអតីតកាល។ លោកបន្ថែមថា ការគាំទ្រពីមហាជន តាមរយៈការចូលរួមមើលការសម្តែងល្ខោនបាសាក់ ក៏ជាផ្នែកមួយដ៏សំខាន់ដែរ។

លោក ញ៉ែត ទីម បានលើកឡើងថា «បើការឧបត្ថម្ភដល់ល្ខោនបាសាក់ ដូចការឧបត្ថម្ភការប្រគុំតន្ត្រីសម័យ ល្ខោនបាសាក់ នឹងមានការរីកចម្រើនផុលផុសឡើងវិញ។ កាលណាយើងអត់មានការគាំទ្រ និងមិនមានការចាប់អារម្មណ៍ពីសប្បុរសជន ធ្វើឲ្យបាត់បង់ធនធាន (អ្នកស្នង) ដែលចង់រក្សាសិល្បៈបុរាណនេះណាស់»

លោកបន្តថា «វិស័យសិល្បៈបុរាណមិនសូវជាមានការគាំទ្រពីទស្សនិកជន ក៏ដូចជាសប្បុរសជន ពោលមានការចំណាប់អារម្មណ៍តិចបំផុតដល់សិល្បៈបុរាណរបស់យើង។ អញ្ចឹងហើយ ធ្វើឲ្យសិល្បៈករ សិល្បៈការិនីជំនាន់ក្រោយ មិនចង់បង្កើតការបង្រៀនសិស្សថ្មីៗ»។

លោក ញ៉ែ ទីម បានបន្ថែមថា កាលណាខ្វះការឧបត្ថម្ភ មិនត្រឹមតែខ្វះធនធានមនុស្សទេ ក៏ខ្វះខាតលើការចំណាយ ក្នុងការបង្កើតឲ្យមានជាក្រុមល្ខោនដែរ។ ជាក់ស្តែង សម័យបច្ចុប្បន្ននេះ ល្ខោនបាសាក់ត្រូវការទំនើបកម្ម ដូចជា បច្ចេកទេសភ្លើង ឧបករណ៍បំពងសម្លេង និងសម្ភារ សម្រាប់រៀបចំឆាកជាច្រើនទៀត ដែលសុទ្ធតែទាមទារការចំណាយ។

ល្ខោនបាសាក់ មានឈ្មោះដើមជាល្ខោនទ្រើងឃ្លោក និងមានកំណើតនៅដែនដីកម្ពុជាក្រោម ក្នុងស្រុកបាសក់ ខេត្តព្រះត្រពាំង។ នៅអំឡុងទសវត្សឆ្នាំ១៩៣០ ល្ខោនទ្រើងឃ្លោក ត្រូវបានបងប្អូន ២នាក់ យកមកសម្តែងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនតាមដងទន្លេបាសាក់ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយដំបូងគេហៅថា ល្ខោនមកពីស្រុកបាសាក់ លុះក្រោយមក ក៏ហៅកាត់ខ្លីថាល្ខោនបាសាក់ ហើយក៏ជាប់ឈ្មោះរហូតដល់សព្វថ្ងៃ។

ល្ខោនបាសាក់ គឺមានទាំងការនិយាយ មានទាំងច្រៀង ហើយកំដរដោយភ្លេងបាសាក់។ ល្ខោននេះទៀតសោត មានឥទ្ធិពលមកពីល្ខោនអូប៉េរ៉ារបស់ចិន និងវៀតណាម។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ការវិវឌ្ឍនៃល្ខោនបាសាក់មានការធ្លាក់ចុះ ហើយការណ៍នេះកើតឡើងដោយសារតែខ្វះការគាំទ្រ។ លោកស្រី បានស្នើឲ្យមានការគាំទ្រល្ខោនបាសាក់ ពីស្រទាប់មហាជន ជាពិសេសពីយុវវ័យ ដើម្បីឲ្យល្ខោនបាសាក់ មានការរីកចម្រើនឡើងវិញ ដូចកាលពីអតីតកាល។

បើតាមលោកស្រី ភឿង សកុណា បើទោះជាសម័យបច្ចុប្បន្ន ទូរសព្ទវ័យឆ្លាត (Smart Phone) ដើរតួនាទីសំខាន់ ដែលអ្នកប្រើប្រាស់អាចទស្សនាទស្សនីយភាពនានាក៏ដោយ ក៏នៅប្រទេសចិន បើសិនជាគេចង់មើលល្ខោនអូប៉េរ៉ាប៉េកាំង (Peking Opera) ត្រូវទិញសំបុត្រ១ ក្នុងតម្លៃប្រមាណ ៥០០ដុល្លារ។ ម្យ៉ាងទៀត ដើម្បីចូលមើលការសម្តែងបាន អ្នកចង់ទស្សនាត្រូវទិញសំបុត្រទុក ១ឆ្នាំមុនឯណោះ ទើបអាចចូលមើលបាន។ បើទោះជាស្មាតហ្វូនរីកចម្រើន ក៏សន្ទុះនៃការគាំទ្ររបស់ប្រជាជនរបស់គេ នៅតែខ្លាំងក្លាដដែល ខណៈល្ខោនអូប៉េរ៉ាប៉េកាំង ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។

លោកស្រីបញ្ជាក់ថា «នៅប្រទេសចិន អូប៉េរ៉ាប៉េកាំង បើមិនទិញសំបុត្រ ១ឆ្នាំមុនទេ ចូលមើលមិនបានទេ។ សំបុត្រមួយសន្លឹកមិនថោកទេ ៥០០ដុល្លារយ៉ាងតិច។ អូប៉េរ៉ាប៉េកាំង គេចាត់ជាបេតិកភណ្ឌមនុស្សជាតិ។ ស្មានតែចិនហ្នឹងគេអត់មានស្មាតហ្វូន? គេមើលស្មាតហ្វូនដូចតែគ្នា។ ហេតុអ្វីបានជាប្រជាជន ហេតុអ្វីបានជាអ្នកទេសចរណ៍ នៅតែប្រឹងទិញសំបុត្រ នៅតែចង់ទៅមើលល្ខោនអូប៉េរ៉ាប៉េកាំង យ៉ាងហោចណាស់ឲ្យបានម្តង? នេះដោយសារតែភាពល្បីល្បាញ»

លោកស្រី ភឿង សកុណា បានរំលឹកដែរថា សម្រាប់កម្ពុជាវិញ នៅសម័យអតីតកាលល្ខោនបាសាក់រីកចម្រើនខ្លាំងណាស់ ហើយប្រជាជនដាក់កន្ទេល និងភួយ ទៅទស្សនាយ៉ាងភ្លូកទឹកភ្លូកដីផងដែរ។ ការសម្តែងល្ខោនបាសាក់មួយរឿងៗ ចំណាយពេលជាច្រើនយប់ ហើយមហាជនតាមដានទស្សនាមិនដាច់ឡើយ។ លោកស្រីបន្ថែមថា នៅក្រោយឆ្នាំ១៩៧៩ ល្ខោនបាសាក់ ក៏មានសកម្មភាពសម្តែងច្រើនដែរ តែបច្ចុប្បន្នធ្លាក់ចុះវិញ ដោយសារតែខ្វះការគាំទ្រ ធនធានមនុស្ស និងបញ្ហាមួយចំនួនទៀត។

លោកស្រីយល់ថា ការរីកចម្រើនៃស្មាតហ្វូន មិនមែនជាមូលហេតុដែលធ្វើឲ្យល្ខោនបាសាក់ធ្លាក់ចុះទេ តែមកពីគ្មានសន្ទុះនៃការគាំទ្រតែម្តង ព្រោះនៅប្រទេសចិន បើទោះជាប្រជាជនមានស្មានហ្វូនប្រើច្រើន ក៏សន្ទុះនៃការគាំទ្រល្ខោនអូប៉េរ៉ាប៉េកាំង នៅតែមានសកម្មភាពផុលផុស។ លោកស្រី ក៏បានអះអាងថា ល្ខោនបាសាក់ មុននឹងអាចបន្តមានវត្តមានដល់សម័យបច្ចុប្បន្ន ក៏សឹងតែបាត់បង់ទៅវិញម្តងទៅហើយ ប៉ុន្តែដោយសារតែស្ថាបនិកទាំង ២នាក់ ដែលមានបងជាអ្នកមានថវិកាជួយទ្រទ្រង់ ទើបធ្វើឲ្យសិល្បៈបុរាណមួយនេះលេចរូបរាងឡើង។

លោក ញ៉ែត ទីម ដែលជាអ្នកមានការយល់ដឹងពីល្ខោនបាសាក់ បានលើកឡើងបន្ថែមថា នៅសម័យមុន ល្ខោនបាសាក់ ទាមទារឲ្យមានការសម្តែងច្រើនយប់ ប៉ុន្តែឥឡូវនេះ គេអាចកាត់បន្ថយរយៈពេលសម្តែងល្ខោនបាសាក់បាន ត្រឹមតែ ១យប់ប៉ុណ្ណោះ គ្រាន់តែថាត្រូវតែធ្វើយ៉ាងម៉េចឲ្យសាច់រឿងខ្លី និងមានខ្លឹមសារ។ លោកបន្តថា ក្នុងមួយក្រុមនៃការបង្កើតល្ខោនបាសាក់ ទាំងបច្ចេកទេស និងសម្តែង ត្រូវការមនុស្សយ៉ាងហោចណាស់ ៣០នាក់ ពោលគឺទាមទារឲ្យមានការផ្គត់ផ្គង់ និងយកចិត្តទុកដាក់ខ្លាំងពីមហាជន ដើម្បីរក្សាសិល្បៈបុរាណមួយនេះ ដល់កូនខ្មែរជំនាន់ក្រោយ។

លោកថ្លែងថា «(មានការផ្គត់ផ្គង់) ធ្វើឲ្យអ្នកចេះល្ខោន មានកម្លាំងចិត្តបង្ហាត់ក្មេងជំនាន់ក្រោយ ក្មេងជំនាន់ក្រោយក៏គាត់មានការខិតខំប្រឹងប្រែង ដោយគាត់មើលថា ទី១ អ្វីដែលគាត់ធ្វើមានតម្លៃនៅក្នុងសង្គម ជួយរួមចំណែកថែរក្សាវិស័យវប្បធម៌ជាតិ ទី២ បានផ្គត់ផ្គង់ជីវភាព។ បើគាត់ចេះហើយ គាត់រកចំណូលអត់បាន គាត់នឹងបោះបង់វិស័យហ្នឹងចោល»

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានឲ្យដឹងថា មានល្ខោនបាសាក់ ១០ក្រុម បានដាក់ពាក្យប្រកួតប្រជែង និងមាន ៥ក្រុម ត្រូវបានជ្រើសរើសឲ្យប្រកួតផ្តាច់ព្រ័ត្រ។ ក្រុមសិល្បករល្ខោនបាសាក់ចំនួន ១០ក្រុម ដែលបានដាក់ពាក្យដើម្បីចូលរួមប្រកួត មានដូចជា៖ រាជធានីភ្នំពេញ ១ក្រុម, ខេត្តកណ្តាល ៣ក្រុម, ខេត្តកំពង់ស្ពឺ ១ក្រុម, ខេត្តកំពង់ឆ្នាំង ១ក្រុម, ខេត្តកំពង់ចាម ១ក្រុម, ខេត្តបន្ទាយមានជ័យ ១ក្រុម, ខេត្តត្បូងឃ្មុំ ១ក្រុម និងខេត្តកែប ១ក្រុម។

រង្វាន់ជ័យលាភី សម្រាប់ ៥ក្រុម រួមមាន៖

* ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់ ១០លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន ៣លានរៀល បានទៅលើក្រុមឈ្មោះ ក្រុមរស្មីវប្បធម៌ខេត្តកែប មកពីខេត្តកែប
* ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ ៧លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន ២លានរៀល បានទៅលើក្រុមឈ្មោះ នាយប៉េងប៉ោះ មកពីខេត្តកំពង់ចាម
* ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ចំនួន ៤លានរៀល និងថវិកាសប្បុរជនចំនួន ១លានរៀល បានទៅលើក្រុមឈ្មោះ អុល សំអាង វង់ទី១ មកពីរាជធានីភ្នំពេញ
* ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ក្នុង ១ក្រុម ទឹកប្រាក់ចំនួន ៣លានរៀល និងថវិកាសប្បុរជនចំនួន ១លានរៀល។

ក្រុមល្ខោនបាសាក់ រស្មីវប្បធម៌ខេត្តកែប បានបង្ហាញសេចក្តីសប្បាយចិត្ត ចំពោះការទទួលបានជ័យជម្នះ។ ក្រុមលោ្ខននេះ បានថ្លែងអំណរគុណលោកអភិបាលខេត្តកែប និងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប ដែលជំរុញធ្វើឲ្យក្រុមសិល្បៈរហូតបានជោគជ័យ។

ទោះបីជា រកឃើញម្ចាស់ជើង​ឯក ក៏គណៈកម្មការមេប្រយោគ នៅតែមើលឃើញថា នៅមានកង្វះខាតមួយចំនួនដែលត្រូវបំពេញបន្ថែម ដូចជាការតែងនិពន្ធ ការដឹកនាំរឿង (ខ្លីខ្លឹម ប្រមូលផ្តុំ មិនវែងអន្លាយ) ក្បាច់ក្បួនខ្នាតហួន និងសម្លៀកបំពាក់ ជាដើម។ ទៅថ្ងៃអនាគត គណៈកម្មការមេប្រយោគ នឹងមានសំណូមពរទៅក្រសួងវប្បធម៌ ឲ្យមានសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលទម្រង់ល្ខោនបាសាក់ ដើម្បីរៀនសូត្រយល់ដឹង និងពង្រឹងសមត្ថភាពសិល្បករសិល្បការិនីល្ខោនបាសាក់បន្ថែមទៀត។

លោក សំ សំអាង​ ប្រធានគណៈកម្មការមេប្រយោគ បានថ្លែងថា «ដូច្នេះ យើងត្រូវខិតខំប្រឹងប្រែងធ្វើសិល្បៈបុរាណប្រពៃណីរបស់យើងឲ្យបានល្អ ខ្លឹម រំភើប និងអស្ចារ្យ ជាពិសេសឲ្យមានភាពទាក់ទាញនិងពាក់ព័ន្ធនឹងអ្នកជំនាន់ចាស់ ក៏ដូចជាយុវវ័យអ្នកជំនាន់ថ្មីផងដែរ។ ក៏ដូចជាទម្រង់សិល្បៈឯទៀត ល្ខោនបាសាក់ ត្រូវមានការគាំទ្រពីសាធារណជន ត្រូវធ្វើយ៉ាងណាឲ្យល្ខោនបាសាក់មានអត្តសញ្ញាណខ្មែរ នៅក្នុងឈាមខ្មែរ និងមានព្រលឹងខ្មែរ។ នៅពេលដែលយើងមើលល្ខោនបាសាក់ តើយើងរំភើបឬទេ? ទាញបេះដូង ដោយចុចចំបេះដូងរបស់យើងដែរឬទេ»?

លោកបន្ថែមថា នៅក្នុងការជួយគិត ជួយធ្វើ និងរួមទទួលខុសត្រូវ នេះ យុវវ័យ ដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន ក៏មានតួនាទីនិងកាតព្វកិច្ចរៀនសូត្រ យល់ដឹង ស្រឡាញ់ គោរព បណ្តុះបណ្តាល រក្សា ការពារ និងលើកស្ទួយសម្បត្តិវប្បធម៌កេរដំណែលដូនតាខ្មែរដែរ។

មហាជន ដែលតាមដានការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស លើទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ ក៏បានបង្ហាញការកោតសរសើរ និងក្តីរីករាយចំពោះការរៀបចំកម្មវិធីនេះ។ ពួកគាត់ ថែមទាំងបានស្នើឲ្យមានការសម្តែងល្ខោនបាសាក់ នៅតាមជនបទឲ្យបានច្រើន និងសំណូមពរ ឲ្យមានការឧបត្ថម្ភក្រុមល្ខោនបាសាក់ទៀតផង។

បើតាមម្ចាស់គណនី FC Lions បានលើកឡើងថា «គួរលើកស្ទួយ អ្វីដែលជាវប្បធម៌ និងប្រពៃណី ដូចតាបន្សល់ទុកមក។ កុំទំនើបពេករហូតបាត់បង់វប្បធម៌ជាតិ»

ល្ខោនបាសាក់ គឺជា «ទម្រង់សរុប» គឺយកពីនេះបន្តិច ពីនោះបន្តិចមកបញ្ចូលគ្នា មានការនិយាយ សម្តី ចម្រៀង ភ្លេង សម្លៀកបំពាក់ និងការតុបតែងឆាកជាដើម។ល។ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានដាក់សំណួរថា តើល្ខោនបាសាក់អាចតទល់នឹង Concert បានដែរឬទេ?