(ភ្នំពេញ)៖ គិតចាប់ពីម៉ោង៣៖០០នាថ្ងៃទី០៥ ដល់ម៉ោង៣៖០០ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ២ករណី ដើម្បីស្វែងរកជនបរទេសចំនួន ២នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា សំណើទាំង ០២ករណីនេះ មាន២សញ្ជាតិរួមមាន៖ ជនជាតិចិនចំនួន ១នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់។ សម្រាប់ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា និងបន្តនីតិវិធី។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ គិតត្រឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានសំណើដូចជា៖

* តាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២៥សំណើ មានមនុស្សសរុបចំនួន ១,០៦៧នាក់ មាន១៣សញ្ជាតិ។

* តាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន ២៣២សំណើ។ បិទស្ថាពរក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងនោះសមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ផងដែរ។ សម្រាប់ជនសង្ស័យទាំង ៦៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ជនជាតិចិនចំនួន ៥២នាក់, ជនជាតិខ្មែរចំនួន ១៣នាក់ និងជនជាតិវៀតណាមចំនួន ០២នាក់៕