(ភ្នំពេញ)៖ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្គោលដេនទ្រី បោះផ្សាយលក់មូលបត្របំណុល ប្រភេទសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា ជាសាធារណៈ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់និយ័តករមូលបត្រកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
ការបោះផ្សាយលក់មូលបត្របំណុល ប្រភេទសញ្ញាបណ្ណបៃតងដំបូង ត្រូវបានបោះផ្សាយដោយក្រុមហ៊ុន ហ្គោលដេនទ្រី ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា ដោយផ្តល់សេវាជួលអគារ ការិយាល័យពាណិជ្ជកម្ម គ្រប់គ្រងអគារ និងប្រឹក្សាផ្នែកអចលនទ្រព្យ។
ការអនុញ្ញាតឲ្យបោះផ្សាយលក់មូលបត្របំណុល ប្រភេទសញ្ញាបណ្ណបៃតងដំបូងគេ នៅកម្ពុជាជាសាធារណៈ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារលើកទី១១ ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
សូមជម្រាបថា សញ្ញាបណ្ណ័បៃតងដំបូងនេះ បានរៀបចំស្របតាមគោលការណ៍ណែនាំ នៃសញ្ញាបណ្ណបៃតងអាស៊ានផងដែរ ដូច្នេះការបោះផ្សាយនឹងទទួលស្គាល់ជាសញ្ញាបណ្ណបៃតងអាស៊ាន៕