(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តបកអាក្រាតពីការជេរប្រមាថយ៉ាងធ្ងន់ធ្ងររបស់ ទណ្ឌិត សម រង្ស៉ី ទៅលើអង្គព្រះមហាក្សត្រ ដែលគណបក្សយោបាយ ក្រសួងស្ថាប័ននានា សាធារណជន រួមទាំងប្រជាពលរដ្ឋ ថ្កោលទោសគ្រប់ទិសទី។

ពេលនិយាយដល់ចំណុចនេះ សម្តេចក៏បានចោទសួរទៅ លោក ទាវ វណ្ណុល ប្រធានបក្សភ្លើងទៀន និងថ្នាក់ដឹកនាំ២រូបទៀត គឺលោក ថាច់ សេដ្ឋា និងលោក សុន ឆ័យ ឱ្យចេញមុខបកស្រាយថាតើ ការនិយាយប្រមាថរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ?

ថ្លែងក្នុងឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង៣ពាន់គ្រួសារ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ឥឡូវ ខ្ញុំសូមយកឱកាសនេះ និយាយដោយត្រង់ជូនចំពោះឯកឧត្តម ទាវ វណ្ណុល, ឯកឧត្តម ថាច់ សេដ្ឋា, ឯកឧត្តម សុន ឆ័យ ដែលជាមេដឹកនាំគណបក្សភ្លើងទៀន សូមចេញមកបញ្ជាក់អះអាង...តើការនិយាយរបស់ អាសម រង្ស៉ី ត្រឹមត្រូវឬមិនត្រឹមត្រូវ យើងចង់បានការបញ្ជាក់ពី គណបក្សភ្លើងទៀន ឱ្យបានច្បាស់ថាតើការប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រគ្មានមនសិការជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ?»

សម្តេចសង្ឃឹមថា មេដឹកនាំគណបក្សភ្លើងទៀន ដែលមាន លោកទាវ វណ្ណុល, លោក សុន ឆ័យ និងលោក ថាច់​ សេដ្ឋា នឹងធ្វើការបញ្ជាក់ជូនជនរួមជាតិឱ្យបានជ្រាប ហើយសមាជិកគណបក្សភ្លើងទៀន សូមរង់ចាំពិនិត្យមើល តើមេដឹកនាំគណបក្សនេះ មានលទ្ធភាពចេញមក អះអាងអំពីបញ្ហាទាក់ទិន​នឹងការប្រមាថព្រះមហាក្សត្រ ឬទេ?

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»

សម្តេចលើកឡើងថា «រឿងនេះមិនមែនជារឿងតូចតាច ហើយមិនមែនជារឿងលេងសើចនោះទេ សមាជិកគណបក្សភ្លើងទៀន គួរតែត្រូវផ្តាច់ខ្លួនឱ្យបានស្រូតបំផុត តាមដែលអាចធ្វើបាន ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង ព្រោះនេះជាមុខសញ្ញា ជាគោលដៅ ព្រោះកម្លាំងម្ខាង​គឺគេសម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែទៅជាមួយគ្នាក្នុងការផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ»

សម្តេចបានបញ្ជាក់ប្រាប់ទៅមេដឹកនាំគណបក្សភ្លើងទៀន អំពីខ្សែអាត់សំឡេងដែលសម្តេចទទួលបាន អំពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងអ្នកនៅអាមេរិក និងបារាំង។ សម្តេចបានលើកឡើងថា សម្តេចបានដឹងថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន កំពុងសង្ស័យទៅលើឈ្មោះ តុ វាន់ចាន់​ ដែលជាអតីតតំណាងរាស្រ្តដែលជាអ្នកថតសំឡេង។

សម្តេចតេជោ ក៏បានទទួលសំឡេងរបស់ លោក អេង ឆៃអ៊ាង ដែលសន្ទនាជាមួយអ្នកនៅក្នុងប្រទេស​ ដើម្បីរៀបចំបេក្ខភាពគណបក្សភ្លើងទៀននៅខេត្តរតនគិរីផងដែរ។ សម្តេចថ្លែងថា «ច្បាប់ស្តីពីគណបក្សនយោបាយ គឺចែងមិនឱ្យមានទំនាក់ទំនងជាមួយទណ្ឌិតនោះទេ»

សម្តេចបានបញ្ជាក់ថា «ដូច្នេះចំណុចនេះ គ្រាន់តែប្រាប់អ្នកឯងឱ្យបានដឹងថា តម្រុយឆ្ពោះទៅរក​ដំណាក់កាលមួយដែលកំពុងប្រឈមសម្រាប់អ្នកឯង ដូច្នេះអ្វីដែលអ្នកឯងគួរធ្វើ ត្រូវតែបញ្ជាក់ឲ្យបានច្បាស់ តើការអះអាងរបស់ សម រង្ស៉ី ថាព្រះមហាក្សត្រអត់មានមនសិការស្នេហាជាតិ ហើយមានការក្បត់ជាតិ ហើយដែលឆ្នាំកន្លងទៅតែមានការប្រមាថព្រះមហាក្សត្រ ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ? ចំណុចនេះ ខ្ញុំចង់បានការធានាមួយពីអស់លោក​»

សម្តេចបានប្រាប់ទៅមេដឹកនាំគណបក្សភ្លើងទៀន កុំឱ្យមានការយល់ច្រឡំថានេះជាការគំរាមកំហែង ប៉ុន្តែពួកគេត្រូវដឹងថា សម្តេចជារាជរដ្ឋាភិបាល ដែលត្រូវមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារព្រះមហាក្សត្រ ​ការពាររាជានិយម ការពាររាជបល្ល័ង្គ ដែលមានសិទ្ធិចោទជាសំណួរទៅកាន់ពួកគេ ដោយសាររឿងនេះស្ថិតនៅក្នុងការសង្ស័យក្នុងការបង្កចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម។

សម្តេចបានបញ្ជាក់បន្ថែមថា «បើកុំតែមានសេចក្តីថ្លែងការណ៍របស់អាម្សៀនឹង វាក៏គ្មានរឿងអីកើតឡើងដែរ»។ សម្តេចបានកត់សម្គាល់ថា ពេលនេះ លោក​ សម រង្ស៉ី បានកាត់វីដេអូចេញដោយទុកនៅសល់ត្រឹមប្រមាណ២០នាទីប៉ុណ្ណោះ ដោយកាត់ចេញនូវចំណុចដែលជេរប្រមាថព្រះមហាក្សត្រ ហើយបង្ហោះតាមហ្វេសប៊ុកឡើងវិញ។ ប៉ុន្តែសម្តេចបញ្ជាក់ថា នៅពេលដែលទណ្ឌិតនេះ ចាប់ផ្តើម Live ភ្លាមវីដេអូត្រូវបានគេយកទុកបាត់ទៅហើយ ហើយគេក៏បានសិក្សារួចទៅហើយ លើទិដ្ឋភាពផ្លូវច្បាប់។

សម្តេចសង្ឃឹមថា លោក ទាវ វណ្ណុល លោកថាច់ សេដ្ឋា និងលោក សុន ឆ័យ នឹងធ្វើការឆ្លើយតបដោយសមហេតុសមផល ជាមួយនឹងសំណូមពររបស់សម្តេច ដើម្បីរាជរដ្ឋាភិបាលងាយប្រកាន់យកឥរិយាបទចំពោះគណបក្សភ្លើងទៀន។

គណបក្សភ្លើងទៀន គឺជាគណបក្សមួយដែលបង្កើតឡើងដោយ លោក សម រង្ស៉ី។ គណបក្សនេះពីដំបូងមានឈ្មោះថា គណបក្សជាតិខ្មែរ បន្ទាប់មកក៏ត្រូវបានប្តូរឈ្មោះមកជាគណបក្សសមរង្ស៉ី។ បន្ទាប់ពីច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្ម មិនឱ្យប្រើប្រាស់ឈ្មោះបុគ្គលនោះ គណបក្សនេះក៏បានកែប្រែឈ្មោះ មកជាគណបក្សភ្លើងទៀន។

សម្តេចបានគូសបញ្ជាក់ថា «ហេតុអ្វីបានខ្ញុំចោទសួរ ដោយសារតែអាភ្លើងទៀននេះ វាបង្កើតដោយអាមួយហ្នឹង អញ្ចឹងទេតើអ្នកឯងពាក់ព័ន្ធអី អញ្ចឹងវាជាកូនរបស់អាមួយហ្នឹង អញ្ចឹងវាផ្តាច់គ្នាហើយនៅ បញ្ហានៅត្រង់កន្លែងហ្នឹង»

ក្រៅពីចោទសួរទៅកាន់មេដឹកនាំបក្សភ្លើងទៀន សម្តេចតេជោ ក៏បានចោទសួរទៅអង្គការក្រៅរដ្ឋាភិបាលនានា តើមានយោបល់យ៉ាងម៉េចចំពោះការជេរប្រមាថព្រះមហាក្សត្របែបនេះ? ប៉ុន្តែសម្តេចជឿថា ក្នុងចំណោមអង្គការដែលប្រឆាំងរាជរដ្ឋាភិបាល ​គឺមិននឹងអះអាងនោះទេ? ចំណុចនេះ សម្តេចបានបញ្ជាក់បន្ថែមថា «ព្រោះគេក៏ចូលរួមចំណែកចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងប្តូររបបរាជានិយមនេះផងដែរ»