(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅជាប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

*ទី២៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួសឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងនូវការអបអរសាទរចំពោះនាយនគរបាល ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមុខតំណែង តាមសំណើរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ប្រធានអង្គភាពដែលទើបប្រកាសចូលកាន់តំណែងនេះ ត្រូវពង្រឹងលើកិច្ចការងារភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលប្រគល់ជូន និងរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព សំដៅចូលរួមទប់ស្កាត់ បង្ការ បង្ក្រាប និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ៕