(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ​បានថ្លែងថា ការដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែមានមុខគ្រប់ពេលប្រជាពលរដ្ឋមានទុក្ខ និងការលំបាក មិនមែនឃើញមុខតែពេលបោះឆ្នោតនោះទេ ខុសពីបក្សប្រឆាំង ដែលគេឃើញមានមុខ តែពេលបោះឆ្នោតប៉ុណ្ណោះ។

សម្តេចតេជោបញ្ជាក់ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជន គឺរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់ពេលវេលា ហើយយន្តការការងារ ដែលគណបក្សដាក់ឲ្យមន្ត្រីធ្វើការ គឺមន្ត្រីដែលមិនយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាក ពេលប្រជាពលរដ្ឋរងគ្រោះ មិនត្រូវបានលើកទឹកចិត្ត និងតែងតាំងមុខតំណែងនោះឡើយ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង៣ពាន់គ្រួសារ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ «នៅពេលដែលប្រជាពលរដ្ឋ ជូនការលំបាកគឺច្បាស់ណាស់ គេឃើញមុខគណបក្សប្រជាជនកម្ពុជា មិនមែនឃើញមុខសមាជិកគណបក្សប្រជាជនតែពេលឃោសនាបោះឆ្នោតនោះទេ ចំណុចនេះបងប្អូនអាចដឹងបានហើយថា យើងរស់នៅជាមួយគ្នារយៈពេលជា៤៣ឆ្នាំរួចមកហើយ អ្នកខ្លះក៏កើតទាន់ អ្នកខ្លះក៏មិនទាន់»

សម្តេតបន្ថែមថា​ «អ្នកដទៃ [បក្សដទៃ] ជារឿងរបស់គេ រដូវបោះឆ្នោតមកដល់ គេមកដល់ដែររកសន្លឹកឆ្នោត ហើយរកសន្លឹកឆ្នោតអត់មានធ្វើអីទេ តាមវិធីជេរអ្នកចែកអំណោយឲ្យប្រជាជនតែម្តង អ្នកដែលនៅថែទាំប្រជាជនពិតប្រាកដ ហើយរឿងនេះក៏ជារឿងមួយ ដែលសុំឲ្យបងប្អូនយើងពិចារណាផងដែរ [...] អ្វីដែលជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន សុខក៏នៅជាមួយ ទុក្ខក៏នៅជាមួយ ពាក្យខ្មែរថារួមសុខ រួមទុក្ខ នេះជាចំណុចពិសេសនៃមន្ត្រីគណបក្សប្រជាជន អ្នកណាក៏ដោយឲ្យតែពេលរងគ្រោះ ហើយដើរចេញឆ្ងាយ មិនយកចិត្តទុកដាក់ អ្នកនោះមិនត្រូវទទួលបានការលើកទឹកចិត្ត​ និងតែងតាំងមុខតំណែងណាទេ នេះជាក្របខណ្ឌ ដែលគណបក្សប្រជាជនដាក់ជូនឲ្យមន្ត្រី ដើម្បីធ្វើការ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២កន្លងទៅ ដែលធ្វើឲ្យគណបក្សប្រជាជនឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវប្រជាពលរដ្ឋ បោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជាតទៅទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ព្រោះជាបក្សទ្រទ្រង់សុខសន្តិភាព។ បើគ្មានវត្តមានបក្សប្រជាជនកម្ពុជា ភ្លើងសង្គ្រាម និងចលលាចលជាតិនឹងកើតឡើង ព្រោះតែមានអ្នកប៉ុនប៉ងបង្កើតឡើងនូវសង្គ្រាម ដូចជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅឆ្នាំ២០២៣ជាដើម៕