(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ឲ្យរៀបចំកាត់ឆ្កៀលដីតំបន់៣ នៅបឹងទន្លេសាប ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង៣ពាន់គ្រួសារ នៅថ្ងៃទី២៦ ខែតុលានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្លះបានរស់នៅក្នុងតំបន់ទន្លេសាប មិនមែនត្រឹមតែមួយជំនន់នោះទេ ពួកគាត់បានរស់នៅច្រើនជំនាន់ ចូលដល់ខ្ទង់រយឆ្នាំទៅហើយ ដូច្នេះទោះក្នុងតំបន់២ តំបន់៣ក្តី ត្រូវសម្រួលឲ្យពួកគាត់អាចរស់នៅទីនោះ ហើយតំបន់៣ខ្លះ អាចកាត់មកជាតំបន់២ ហើយតំបន់២ អាចកាត់ចូលតំបន់១ សម្រាប់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងធ្វើការងារជាមួយបណ្តាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើម៉េច ធ្វើឲ្យហើយសម្រាប់ខ្ញុំ ​មុនចូលឆ្នាំខ្មែរ ដែលនៅសល់ប៉ុន្មានខែទៀត។ ខ្ញុំគិតថាអ្នកដែលលិចលង់ដោយទឹកជំនន់ មានមួយផ្នែកស្ថិតនៅក្នុងតំបន់ទន្លេសាប ហើយនេះជាសារមួយសម្រាប់ផ្ញើជូន ទៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលនេះគឺជាការដោះស្រាយ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានស្ថេរភាព នៅក្នុងការកសាងជីវភាពរស់នៅ»

សម្តេចតេជោ បានបង្ហាញនូវការសោកស្តាយ ដែលសម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យនៅឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់ លើការកែសម្រួលតំបន់៣ តំបន់២ និងតំបន់១ នៅបឹងទន្លេសាប។ ប៉ុន្តែពេលនេះ រាជរដ្ឋាភិបាលបានរកឃើញវិធីសាស្ត្រ ដើម្បីអាចឲ្យប្រជាពលរដ្ឋអាចរស់នៅបានផង និងអាចថែទាំបឹងទន្លេសាបបានផងដែរ។

សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងទៀតថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋរបស់យើងរស់នៅដោយមិនប្រាកដប្រជាថា តើអញត្រូវរស់នៅកន្លែងណាទៀត ឥឡូវថ្ងៃនេះខ្ញុំបញ្ជូនសារជាក់លាក់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទន្លេសាប ប៉ុន្តែខ្ញុំគ្រាន់តែសុំយកត្រឡប់មកវិញ នៅដីដែលទន្ទ្រានដោយអ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិចាស់ប៉ុណ្ណោះ ហើយយើងត្រូវដាំកូនឈើឡើងវិញ ដើម្បីឲ្យត្រូវជាព្រៃលិចទឹក សម្រាប់ប្រជាពលរដ្ឋ»

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំកាប់ព្រៃលិចទឹក ក្នុងបឹងទន្លេសាប ត្រូវថែរក្សាព្រៃលិចទឹកនោះឲ្យបានល្អ ដើម្បីជាជម្រកត្រីពងកូន ជាប្រយោជន៍របស់ប្រជាជនយើង៕