(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅព្រះរាជាណាចក្រថៃឡង់ដ៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ (APPF) នេះ។ ក្រៅពីនេះ កំលុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចប្រធានរដ្ឋសភានឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្ត និងថ្នាក់ដឹកនាំអង្គការ​ សភាមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទាំងក្នុងក្របខ័ណ្ឌពហុភាគី​ និងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំជាច្រើនទៀតរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន២៨ប្រទេស នៅឆ្នាំនេះប្រារព្ធកិច្ចប្រជុំរបស់ខ្លួនក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ»

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេសថា The Asia Pacific Parliamentary Forum បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក៕