(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤៖១៥នាទី ដោយកម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ (ក៧) មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជា នៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការបង្ក្រាបនោះកម្លាំងជំនាញបានឃាត់ជនសង្ស័យ០៣នាក់, ១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម, ២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ និង៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ដោយរឹបអូសបានមេតំហ្វេតាមីន(ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕