(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនិយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសបង្កើតរបស់លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែង បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ៣៩ឆ្នាំ។

លោក ខៀវ កាញារីទ្ធ បានស្ដែងនូវក្ដីរន្ធត់ និងសោកស្តាយជាទីបំផុត ចំពោះមរណភាពលោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរ: ដែលជាសហការី និងជាយុវជនដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មទាំងធនធាន កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុ ស.ស.យ.ក ដើម្បីសង្គមជាតិ។ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក៏បានលើកឡើងទៀតថា «គ្មានអ្វីដែលទុក្ខសោកជាង ឪពុក ម្តាយធ្វើបុណ្យសពឲ្យកូននោះទេ»

សពលោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅបុរី ប៉េង ហួត បឹងស្នោរ គម្រោងទី៩ ផ្លូវលេខ៨ ផ្ទះលេខ៩ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕