(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារ ក្រោមប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន» ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលកំពុងសិក្សានៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ និងឯកជនទាំងអស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញសាធារណជនទាំងអស់មកចូលរួមទស្សនា និងជាពិសេសគ្រឹះស្ថានសិក្សាអាចរៀបចំជាកម្មវិធីទស្សនកិច្ចសម្រាប់សិស្សានុសិស្ស មកកាន់ពិព័រណ៍ស្នាដៃគំនូរកុមារក្រោមប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន» ចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើតារាងបាល់បោះក្នុងបរិវេណវិទ្យាល័យព្រះស៉ីសុវត្ថិ តាមបណ្ដោយមហាវិថីព្រះនរោត្តម និងអាចបោះឆ្នោតគាំទ្រផ្ទាំងគំនូរទាំងឡាយ (លើសពី១) តាមរយៈការ Scan លើ QR Code ដែលមានលើផ្ទាំងគំនូរនីមួយៗ៕