(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងនោះ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅជាប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួសឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងនូវការអបអរសាទរចំពោះនាយនគរបាល ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមុខតំណែង តាមសំណើរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ប្រធានអង្គភាពដែលទើបប្រកាសចូលកាន់តំណែងនេះ ត្រូវពង្រឹងលើកិច្ចការងារភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលប្រគល់ជូន និងរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព សំដៅចូលរួមទប់ស្កាត់ បង្ការ បង្ក្រាប និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំឲ្យពង្រឹងរបៀបរបរធ្វើការ អាប្បកិរិយាកងកម្លាំងរបស់មន្ដ្រីនគរបាលចរាចរណ៍, ពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសចញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ, ពង្រឹងសមត្ថភាពមន្ដ្រីនគរបាលចរាចរណ៍ ដោយបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល, ហាមដាច់ខាតប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋ។

ដោយឡែក សម្រាប់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថ្មី និងកម្លាំងទាំងអស់ ត្រូវបង្ក្រាបខិតខំប្រឹងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ ពិសេសបទល្មើសធំៗ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ហើយរក្សាឲ្យបាននូវចំណុចល្អជៀសវាងនូវបាតុភាពអសកម្មផ្សេងៗ ដែលអាចកើតមាន។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានដាក់ចេញនូវការណែនាំចំនួន៦ចំណុច ដូចខាងក្រោម៖

ទី១៖ ពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ
ទី២៖ អនុវត្តផែនការការពារជាក់ស្ដែង ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ
ទី៣៖ គ្រប់រាជធានី-ខេត្ត ត្រូវបង្កើន និងពង្រឹងសន្ដិសុខ សុវត្ថិភាពចាប់ពីពេលនេះតទៅ រហូតដល់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
ទី៤៖ ពង្រឹងសមត្ថភាពមន្ដ្រីតាមរយៈការបណ្ដុះបណ្ដាល, ពង្រឹងអាកប្បកិរិយា ឥរិយាបថ ទន់ភ្លន់ តែម៉ឺងម៉ាត់
ទី៥៖ គ្រប់នាយកដ្ឋាន អង្គភាព ត្រូវពង្រឹងការគ្រប់គ្រងព័ត៌មានសង្គម ត្រូវយកចិត្តទុកដាក់ចំពោះការលើកសរសើរ និងការតិចតៀនពីប្រជាពលរដ្ឋ
ទី៦៖ ប្រធានអង្គភាពថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវពង្រឹងទំនាក់ទំនង សាមគ្គីភាពជាមួយបណ្ដាញនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារបានជោគជ័យ៕