(កំពត)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា ត្រូវបន្តជំរុញ និងការកិច្ចខិតខំប្រឹងប្រែងថែរក្សាស្ថិរភាពថ្លៃ អំណាចទិញ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគ ក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាសាខាកំពត។

លោក ជា ចាន់តូ បានក្រើនរំលឹកដល់មន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា សាខាកំពតឲ្យបានយល់កាន់តែច្បាស់ដែរថា «ការណ៍ដែលយើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានស្ថិរភាព ទាំងនេះបានផ្ដល់ឱកាស ឲ្យយើងមានស្ថិរភាពហិរញ្ញវត្ថុ ដែលជាគោលដៅចំបងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការកិច្ចខិតខំប្រឹងប្រែងកន្លងមក ដើម្បីថែរក្សាស្ថិរភាពថ្លៃ អំណាចទិញ ដើម្បីទាក់ទាញអ្នកវិនិយោគ ក្នុងការមកវិនិយោគក្នុងប្រទេសកម្ពុជា»។

លោកបានសង្កត់ធ្ងន់ដែរថា តម្លៃសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានទេ ដូចនេះយុវជនជំនាន់ក្រោយក៏ដូចជា មន្រ្តីបុគ្គលិកវ័យក្មេងទាំងអស់ត្រូវយល់ និងចូលរួមថែរក្សាតម្លៃសន្តិភាព ឲ្យខានតែបាននៅគ្រប់កាលៈទេសៈ និងក្នុងតម្លៃណាក៏ដោយ។

លោកទេសាភិបាលក៏បានលើកទឹកចិត្តដល់មន្រ្តីបុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពតទាំអស់ ឲ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីក្លាយជាមន្រ្ដីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិ
នៃកម្ពុជា។

លោកទេសាភិបាល ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់មន្រ្ដីត្រូវយកចិត្តទុកដាក់រួមមាន៖ បទពិសោធន៍គ្រប់គ្រងល្អ របស់ធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងការរាលដាលជំងឺកូវីដ-១៩ ដែលគ្រប់សាខាទាំងអស់ បានបន្តប្រតិបត្តិការជាប្រក្រតី ដោយសារការអនុវត្តខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ការរួមចំណែករបស់សាខាធនាគារជាតិនៃកម្ពុជាខេត្ត ក្នុងការពង្រឹងជំនឿទុកចិត្ត ដល់សាធារណជន និងរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។

លោកបានបន្ដទៀតថា មន្រ្តីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្ត ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីក្លាយជាមន្រ្តីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ បានសម្ដែងការរីករាយ និងអបអរសាទរដែលកម្ពុជាសូន្យកូវីដ១៩ គឺកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទៀតឡើយ ដែលជាការបញ្ជាក់ឲ្យដឹងពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា តែទោះជាយ៉ាងនេះក៏ដោយមន្ត្រី-បុគ្គលិក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត៕