(ភ្នំពេញ)៖ កុមារី ដន គ្រីស្ទីនរ៉ូសាណា មានសុខភាពល្អប្រសើរច្រើនហើយ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ក្រុមគ្រូពេទ្យមន្ទីរពេទ្យកាល់ម៉ែតរយៈពេលជិតមួយសប្តាហ៍។ ពេលនេះ គ្រីស្ទីនរ៉ូសាណា ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាល់ម៉ែត ទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្បែរលំនៅឋានរបស់គេ។

នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅមន្ទីរពេទ្យកាល់ម៉ែត ពិនិត្យចាត់ចែងរៀបចំបញ្ជូនកុមារី គ្រីស្ទីនរ៉ូសាណា ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ លោកស្រី យក់ សម្បត្តិ បានទិញរទេះរុញមួយគ្រឿងសម្រាប់ គ្រីស្ទីនរ៉ូសាណា រៀនអង្គុយ ហើយបានឧបត្ថម្ភថវិកាបន្ថែម ៣លានរៀល សម្រាប់ម្តាយរបស់ គ្រីស្ទីនរ៉ូសាណា ដោះស្រាយការលំបាកផ្សេងៗ។

លោកស្រី យក់ សម្បត្តិ បានប្រាប់ Fresh News នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះថា សុខភាពរបស់កុមារី គ្រីស្ទីនរ៉ូសាណា មានភាពល្អប្រសើរច្រើន មុខមាត់ក៏បានស្រស់បស់ច្រើន ហើយភាពឈឺចាប់នៃជំងឺក៏បានធូរស្រាលច្រើនផងដែរ។

លោកស្រី បានបញ្ជាក់ដូច្នេះ «សាណា គាត់បានធូរហើយ បានស្រឡះមុខមាត់ច្រើនហើយ ក្រោយពីការព្យាបាលជិតមួយសប្តាហ៍នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះមានថ្នាំផ្សះ មានថ្នាំបន្ថយការកន្ត្រាក់ និងមានថ្នាំជាច្រើនទៀត ហើយមានការព្យូសេរ៉ូមអីទៅ គាត់ក៏បានស្រស់ស្រាយ ហើយការកន្ត្រាក់អីណឹង ក៏បានធូរស្បើយ ការឈឺចាប់ក៏មានការថមថយ»

លោកស្រី យក់ សម្បត្តិ ដែលទទួលបានការណែនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ឱ្យតាមដានការព្យាបាលកុមារី សាណា នោះ បានឱ្យដឹងថា បន្ទាប់ពីស្ថានភាពជំងឺបានធូរស្រាល ក្រុមគ្រូពេទ្យកាល់ម៉ែត ក៏បានរៀបចំបញ្ជូនកុមារី សាណា ទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផានៅខេត្តសៀមរាប។ បើតាមលោកស្រី យក់ សម្បត្តិ ការបញ្ជូនទៅព្យាបាលនៅគន្ធបុប្ផាខេត្តសៀមរាប ដោយសារពេទ្យនេះ ជាពេទ្យឯកទេសផ្នែកកុមារ ហើយមានទីតាំងនៅជិតផ្ទះរបស់អាណាព្យាបាល សាណា ងាយស្រួលសម្រាប់ការមើលថែ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ដែរថា លោកស្រី នឹងបន្តតាមដានការព្យាបាល ហើយក្រុមគ្រូពេទ្យមន្ទីរគន្ធបុប្ផាក្នុងខេត្តសៀមរាប នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពជំងឺរបស់កុមារី សាណា។

បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា កុមារី សាណា ធ្លាប់បានកើតជំងឺរលាកស្រោមខួរ និងខួរក្បាលពេលមានអាយុមួយខួបកន្លះ ទើបបង្កើតឱ្យមានផលវិបាក និងមានស្ថានភាពធ្ងន់ធ្ងរដល់ពេលបច្ចុប្បន្ន។

ព្រោះតែស្ថានភាពជំងឺដូចខាងលើនេះ បានធ្វើឱ្យកុមារី ដន គ្រីស្ទីនរ៉ូសាណា រស់នៅឱបជំងឺក្នុងស្ថានភាពឈឺចាប់បែបមនុស្សរុក្ខជាតិអស់ជាច្រើនឆ្នាំមកហើយ។ អាណាព្យាបាល ត្រូវរស់ក្នុងភាពអស់សង្ឃឹម ពោរពេញដោយទម្ងន់ទុក្ខ និងក្តីក្រៀមក្រំសង្វេគចិត្តអាណិតកូនស្រី។

ដោយមិនអាចទ្រាំនឹងក្តីឈឺចាប់របស់កូនស្រីបាននោះ អ្នកស្រី នួន និរតី ជាម្តាយ បានដាច់ចិត្តបីកូនស្វែងរកការសណ្តោសប្រណី និងការសង្គ្រោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២កន្លងទៅ ក្នុងពីសំណេះសំណាលមួយនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងនាខេត្តសៀមរាប។

ក្រោមកិច្ចប្រឹងប្រែងព្យាបាល និងជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ទីបំផុត គ្រីស្ទីនរ៉ូសាណា បាននិងកំពុងទទួលក្តីសង្ឃឹមជាថ្មីនៃដង្ហើមជីវិតលើភពផែនដីដ៏ស្រស់បំព្រងមួយនេះ។

ក្តីសង្ឃឹម ក្តីរំភើបរីករាយមិនមែនមានសម្រាប់តែ គ្រីស្ទីរ៉ូសាណា នោះទេ តែអ្នកស្រី នួន និរតី ជាម្តាយ ដែលមានក្តីស្រឡាញ់មហាសាលចំពោះកូននោះ រឹតតែត្រេកអរ និងរីករាយគ្មានអ្វីប្រៀបផ្ទឹម។

គុណសង្គ្រោះជីវិត គឺជាគុណដែលធំមហិមាគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ជាមួយក្តីរំជើបរំជួលដួងចិត្តទប់ទឹកភ្នែកមិនជាប់ អ្នកស្រី នួន និរតី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ក្តីសណ្តោសប្រណីប្រៀបដូចឥសីប្រោសព្រំផ្តល់ដង្ហើមជីវិតជាថ្មីជូនកូនស្រីរបស់ខ្លួន។ អ្នកស្រី នួន និរតី បានបញ្ជាក់ថា គុណបំណាច់មហាធំធេងរបស់សម្តេចតេជោ នឹងធ្វើឱ្យអ្នកស្រី និងក្រុមគ្រួសារចងចាំគ្មានថ្លៃបំភ្លេចឡើយ។

តាមរយៈលោកស្រី យក់ សម្បត្តិ, អ្នកស្រី នួន និរតី បានគោរពជម្រាបលាសម្តេចតេជោ និងសូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានជួបតែសេចក្តីសុខសេចក្តីចម្រើន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែតុលា ក្នុងពីធីសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់អង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង អ្នកស្រី នួន និរតី បានបីកុមារី ដន គ្រីស្ទីនរ៉ូសាណា ជាកូនស្វែងរកការជួយសង្គ្រោះជីវិត។ សម្តេចតេជោ ក៏បានណែនាំឱ្យលោកស្រី យក់ សម្បត្តិ មើលការខុសត្រូវលើការព្យាបាលនេះ។ ពេលនោះសម្តេចតេជោ បានផ្តល់ថវិកា ៣ពាន់ដុល្លារ និង២លានរៀល ជូនអ្នកស្រី នួន និរតី ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពផងដែរ៕