(ភ្នំពេញ)៖ លោកទន្ដបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលនឹងខិតខំប្រឹងប្រែងជួយជំរុញឱ្យអស់ពីលទ្ធភាពក្នុងការពង្រឹង និងបង្កើនសមតម្ថភាពលើបច្ចេកវិទ្យាវះកាត់មុខមាត់ និងឆ្អឹងថ្គាម ដល់សមាគមវះកាត់មុខមាត់ និងឆ្អឹងថ្គាមនៃក្រុមគ្រូពេទ្យកម្ពុជា ដើម្បីឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ការថ្លែងដូច្នេះរបស់លោក ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និសីទស្ដីពី បច្ចេកវិទ្យាវះកាត់មុខមាត់ និងឆ្អឹងថ្គាមលើកទី២ ក្រោមប្រធានបទ៖ «ការលើកកម្ពស់បច្ចេកវិទ្យាក្នុងការវះកាត់មុខមាត់ និងឆ្អឹងថ្គាមដល់ទន្ដពេទ្យកម្ពុជា ដែលមានការចូលរួមពីលោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា នាសណ្ឋាគារហៃយ៉ាត់ភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

លោកទន្ដបណ្ឌិត អឿន បូរារ័ត្នន៍ បានថ្លែងបន្ដថា «ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមានវិជ្ជាជីវៈពេទ្យធ្មេញ ខ្ញុំជំរុញលើកទឹកចិត្ដដល់សមាគមឱ្យមានសកម្មភាពបន្ដទៀត ហើយក្រសួងនឹងខិតខំប្រឹងប្រែង ជួយឱ្យអស់ពីលទ្ធភាព»

លោកបន្ដថា សន្និសីទរបស់សមាគមខាងលើនេះ មានអត្ថប្រយោជន៍ណាស់ ដោយសារសមាគមបានអញ្ជើញនូវវាគ្មិនល្បីៗជាច្រើនពីក្រៅប្រទេស ដូចជា អូស្ដ្រាលី ម៉ាឡេស៊ី អាមេរិក ជាដើម ដែលសុទ្ធតែមានបទពិសោធន៍ខ្ពស់ផ្នែកវះកាត់មុខមាត់ និងឆ្អឹងថ្គាម ដើម្បីមកធ្វើបទបង្ហាញចែករំលែក និងបណ្ដុះបណ្ដាលដល់គ្រូពេទ្យយើងបន្ថែមទៀត។

ក្នុងឱកាសនោះ លោកក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសមត្ថភាពដ៏ពូកែរបស់ក្រុមគ្រូពេទ្យ ដែលបានជួយព្យាបាលវះកាត់មុខមាត់ ឆ្អឹងថ្គាម មាត់ឆែបពីកំណើត មហារីកក្នុងមាត់ និងករណីផ្សេងៗទៀតជាបន្ទាន់ ជាពិសេសអ្នកជំងឺជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវវះកាត់តឆ្អឹងថ្គាមភ្លាមជាដើម ដោយកន្លងមានករណីបែបនេះ អ្នកដែលមានលទ្ធភាពបានចេញទៅព្យាបាលនៅក្រៅប្រទេស តែបច្ចុប្បន្ននេះ យើងមានគ្រូពេទ្យឯកទេសវះកាត់ឆ្អឹងថ្គាមច្រើន ដែលអាចផ្ដល់សេវាជូនប្រជាពលរដ្ឋយើង យ៉ាងមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដែលមាននៅមន្ទីរពេទ្យព្រះអង្គឌួង កាល់ម៉ែត និងមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។

លោកទន្ដបណ្ឌិត ផាន់ សាន់ដេត ជំនាញឯកទេស វះកាត់មុខមាត់ ឆ្អឹងថ្គាម និងជាប្រធានសមាគមវះកាត់មុខមាត់ និងឆ្អឹងថ្គាមនៃក្រុមគ្រូពេទ្យវះកាត់កម្ពុជា បានថ្លែងថា សមាគមវះកាត់មុខមាត់ និងឆ្អឹងថ្គាមនេះ បានបង្កើតឡើងរយៈពេល៣ឆ្នាំហើយ គិតចាប់ពីឆ្នំា២០២០មក និងបានធ្វើសន្និសីទចំនួន២លើក ទោះកំលុងរីករាលដាលជំងឺកូវីដ១៩ ក៏សមាគមបានព្យាយាមធ្វើដែរ ព្រោះសន្និសីទនេះ មានសារៈសំខាន់ណាស់លើការពង្រឹងបច្ចេកទេសថ្មីៗដល់ក្រុមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាម ក៏ដូចជាទន្ដបណ្ឌិតវះកាត់មាត់ធ្មេញ ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើង និងរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល។

ទន្ដបណ្ឌិតឯកទេស ផាន់ សាន់ដេត បានលើកឡើងថា តាមការសង្កេតឃើញកន្លងមក ពលរដ្ឋយើងតែងតែទុកជំងឺឱ្យឈឺធ្ងន់ធ្ងរ ទើបមករកសេវាព្យាបាល ដែលបណ្ដាលឱ្យយឺតពេល ដូច្នេះលោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បើសិនជាមានរោគសញ្ញានៃជំងឺណាមួយកើតឡើងនៅលើមុខមាំឆ្អឹងថ្គាម ឬឈឺលើមុខមាត់ សន្លាក់ ដុះសាច់ក្នុងមាត់ ឬថ្គាម សូមប្រញាប់ស្វែងរកសេវាព្យាបាលជាមួយក្រុមគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ កុំទុកយូរ ជាពិសេសប្រភេទមហារីកនៅក្នុងមាត់ សូមប្រញាប់ស្វែងរកសេវាព្យាបាលជាមួយក្រុមគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់៕