(ភ្នំពេញ)៖ លទ្ធផលនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលក្នុងវិស័យទេសចរណ៍សរុបចំនួន១,១៩១រូប (ស្រី៧៨៣រូប) លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងការហ្វេ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។

លទ្ធផលនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងទិសដៅបន្តឆមាសទី៤ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) លោក លោកស្រីសមាជិកគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងសមាគមឧស្សាហកម្មទេសចរណ៍ មន្ទីរទេសចរណ៍គោលដៅទាំង១០នៅភូមិភាគឦសាន និងខេត្តជុំវិញបឹងទន្លេសាប សរុបចំនួន៤០រូប។

នាឱកាសនោះ លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានលើកឡើងថា កិច្ចប្រជុំនេះនឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសំខាន់ៗរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តបានអនុវត្តកន្លងមកនៅតាមខេត្តគោលដៅគម្រោង ព្រមទាំងបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ព្រមទាំងដាក់ទិសដៅការងារបន្តរបស់មន្ទីរទេសចរណ៍សម្រាប់អនុវត្តការងារនៅត្រីមាសទី៤ ឆ្នាំ២០២២ខាងមុខនេះ។

លោករដ្ឋលេខាធិការបានបន្តថា កិច្ចប្រជុំនេះក៏ជាវេទិកាដើម្បីផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់សមាគមឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន ដើម្បីពិនិត្យលទ្ធភាពចាប់យកកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅក្នុងផែនការរបស់ខ្លួន។

លោកបានបញ្ជាក់ទៀតថា តាមរយៈយន្តការគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលជាយន្តការស្នូលនៃកិច្ចសហប្រតិបត្តិការ និងការពង្រឹងយន្តការការងារទាំងថ្នាក់ជាតិ និងក្រោមជាតិក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា យើងនឹងសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលចូលរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា និងការពង្រឹងជំនាញវិជ្ជាជិវៈទេសចរណ៍ ដូចដែរលោករដ្ឋមន្ត្រី ថោង ខុង តែងលើកឡើងថា «ជំនាញវិជ្ជាជីវៈទេសចរណ៍ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)»

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានរាយការណ៍ពីលទ្ធផលនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ដោយក្នុងនោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលសរុបចំនួន១,១៩១រូប (ស្រី៧៨៣រូប) ក្រោមការគាំទ្ររបស់អង្គការ SwissContact អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ UNIDO និងមូលនិធិអភិវឌ្ឍន៍ជំនាញលើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងការហ្វេ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។

លោក ជួប រតនា បានបន្តថា ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ផ្តោតលើចំណេះដឹង និងជំនាញដល់សិក្ខាកាមដែលជាអ្នកជំនាញកំពុងបម្រើការងារបច្ចុប្បន្ន យុវជនទីទាល់ក្រ និងអ្នកជំណាញដែលបានឈប់សម្រាកពីការងារដោយវិបត្តិជំងឺកូវី-១៩។

ជាមួយគ្នានោះ លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានអបអរសារទរចំពោះលទ្ធផលដែលគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងដែលបានសហការ និងខិតខំអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

លោកបានបញ្ជាក់ថា តាមរយៈកិច្ចសហការដ៏ល្អនេះ អង្គការស្វីសខន់ថាក់នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍។

បើតាមលោក ជួប រតនា ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់បាននិងកំពុងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត។ យុវជនចំនួន៨៨៤រូប (ស្រី ៥៩៦) ទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ក្នុងឆមាសទី១ ឆ្នាំ២០២២។

លោកបានបន្តថា ការបណ្តុះបណ្តាលនោះផ្តោតលើទម្រង់នៃកិច្ចសហប្រតិបត្តិ រួមមាន៖

១. ជំរុញកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីសម្របសម្រួលការអនុវត្តគម្រោងឲ្យបានកាន់តែល្អប្រសើរប្រកបដោយគុណភាព និងផលិតភាពខ្ពស់។

២. ពង្រឹងសមត្ថភាពមន្ទីរទេសចរណ៍ខេត្តគោលដៅខ លើការការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សមត្ថភាពគ្រូបង្គោល និងកិច្ចសហការជាមួយប្រតិបត្តិការទេសចរណ៍ ដើម្បីនិរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅពេលអនាគត។

៣. លើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម ក៏បានបញ្ជាក់ដែរថា ការពង្រីងវិសាលភាពនៃការបណ្ដុះបណ្ដាលនេះ គឺដោយសារអង្គការស្វីសខន់ថាក់មានការជឿជាក់យ៉ាងមុតមាំមកលើគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយអង្គការស្វីសខន់ថាក់បានបង្វែរកញ្ចប់គម្រោងការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ពីប្រទេសមីយ៉ាន់ម៉ាដែលកំពុងជួបវិបត្តិនយោបាយនោះ យកមកអនុវត្តនៅប្រទេសកម្ពុជាវិញ ដូច្នេះហើយទើបកម្ពុជាអាចពង្រីកការបណ្ដុះបណ្ដាលអ្នកជំនាញ និងគ្រូបង្គោលក្នុងវិស័យទេសចរណ៍ពី៥ខេត្តរហូតដល់១០ខេត្តនៅភាគឦសាន និងភាគពាយព្យ ហើយក៏ទទួលបានលទ្ធផលគួរជាទីមោទនៈ៕