(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនលោក សោម សំស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប និងជាជនជាប់ចោទក្នុងសំណុំរឿងជេរប្រមាថជាសាធារណៈ ប្រើអំហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែតុលានេះ។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានឱ្យដឹងថា ការចាប់ខ្លួននាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប បានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោក សួស ឡា ចៅក្រមស៊ើបសួរតុលាការខេត្តកំពង់ចាម ពីបទ «ជេរប្រមាថជាសាធារណៈ ហិង្សាដោយចេតនា និងប៉ុនប៉ង់ឃាតកម្ម» ប្រព្រឹត្ដនៅចំណុចភោជនីយដ្ឋាននាគមាស ស្ថិតក្នុងភូមិមណ្ឌល់២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។

សូមជម្រាបថា ជនជាប់ចោទត្រូវបានកម្លាំងជំនាញចាប់ខ្លួនបាននៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ ១១៨ ភូមិទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី សូ សារិន ស្នងការរង ស្នងការស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងលោកព្រះរាជអាជ្ញារាជធានីភ្នំពេញ។

បច្ចុប្បន្ន កម្លាំងជំនាញរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕