(សៀមរាប)៖ លោក ជួន ជ័យសត្យា អគ្គលេខាធិការរងគណៈកម្មាធិកាជាតិ វាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ បានដឹកនាំក្រុម និស្សិតជំនាញទេសចរណ៍ ចុះសិក្សាស្វែងយល់អំពីសក្តានុពល និងបញ្ហាប្រឈមនានានៅក្នុងគោលដៅទេសចរណ៍ក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប រយៈពេល ៥ថ្ងៃ ដើម្បីជាមូលដ្ឋាននៅក្នុងកម្មវិធីប្រកួតប្រជែងរៀបចំផែនការអភិវឌ្ឍន៍ គោលដៅទេសចរណ៍គំរូ។

ដំណើរទស្សនកិច្ចសិក្សារយៈពេលចំនួន ៤យប់ ៥ថ្ងៃ នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៧ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមនិស្សិតជំនាញទេសចរណ៍ចំនួន ៤ក្រុម ដែលមក ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានសន្តិប៉ូល ទៅកាន់សហគមន៍ទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ក្រោមកិច្ចសហការរៀបចំឡើងដោយក្រសួងទេសចរណ៍ គណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប និងស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។

លោក ជួន ជ័យសត្យា បានឱ្យដឹងថា ដំណើរកម្មសិក្សាខាងលើនេះគឺជាផ្នែកមួយនៃដំណើរការប្រកួតប្រជែងការរៀបចំផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ ដែលធ្វើឡើងក្នុងគោលបំណងផ្តល់ជាពុទ្ធិ និងធាតុចូលក៏ដូចជាចំណេះដឹង អំពីដំណើរការគ្រប់គ្រងគោលដៅទេសចរណ៍គំរូនៅក្នុងស្រុកបន្ទាយស្រី សម្រាប់យកទៅរៀបចំផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍ដើម្បីដណ្តើមយកជ័យលាភី។

លោកបានបន្ថែមថា ដំណើរកម្មសិក្សានេះ ក៏ជាឱកាសមួយដែលក្រុមនិស្សិតអាចស្វែងយល់កាន់តែច្បាស់អពីការគ្រប់គ្រងសហគមន៍ទេសចរណ៍ ពិសេសផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់ប្រធានសហគមន៍ និងម្ចាស់អាជីវកម្មផ្ទះស្នាក់ និងសម្បទាទេសចរណ៍នានាដែលមានសក្តានុពលនៅក្នុងស្រុកបន្ទាយស្រី។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងការរៀបចំផែនការអភិវឌ្ឍន៍គោលដទេសចរណ៍គំរូ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ស្របតាមវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង២០២១-២០២៣ ក្នុងគោលបំណងជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ស្របតាមយុទ្ធនាការ «ទស្សនា ស្រុកយើង» ស្របតាមពាក្យស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» ពិសេសអនុឡោមតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ទេសចរណ៍ផ្សារ ភ្ជាប់ទឹកដី»។ កម្មវិធីប្រកួតប្រជែងជ្រើសរើសជ័យលាភីគ្រោងនឹងធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕