(ភ្នំពេញ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល​ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំ សមាជិក សមាជិកា ផ្នែកឃោសនាអប់រំ អញ្ជើញសួរសុខទុក្ខលោក ឈន អៀម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា ដែលមានវ័យចាស់នៅគេហដ្ឋាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកប្រធានប្រតិភូ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ រួមជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ឈន អៀម និងក្រុមគ្រួសារ។

លោក ឈន អៀម បានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន, សម្តេច លោកស្រីអនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ជាពិសេស លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាព របស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ ស័កិ្កសមជាអ្នកបន្តវេន ដែលគណបក្សជ្រើសរើសជាអ្នកបន្តវេន នាពេលអនាគត។

លោក​ ចាយ បូរិន បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនា របស់លោក ឈន អៀម និងការលះបង់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ និងមានស្នាដៃតែងនិពន្ធសៀវភៅជាច្រើ​ន ស្ទើររពេញមួយជីវិត ហើយលោកធ្លាប់បានបម្រើការងារនៅក្រសួង អប់រំជាតិ-ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីកសាង ការពារមាតុភូមិកម្ពុជា, អនុប្រធាន ខុទ្ទកាល័យរដ្ឋសភា-ជាអនុរដ្ឋមន្ត្រី-អនុរដ្ឋមន្ត្រីទី១ ក្រសួងធម្មការ-ជាអនុរដ្ឋលេខាធិការ-ជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា-ជាទីប្រឹក្សាជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា ។

សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទាំងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺត្រូវសហការគ្នាចុះសួរសុខទុក្ខ ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន បានធ្វើពលិកម្មដ៏ធំធេង និងសម្រេចបានសមិទ្ធផលជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេន ត្រូវសម្ដែងការដឹងគុណ ចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សា មរតកដ៏ថ្លៃថ្លា និងកសាងឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូ បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក​ ឈន អៀម និងជូនពរដល់លោកមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ។

លោក ឈន អៀម​ ក៏បានជូនពរដល់គណៈប្រតិភូតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី និងសូមជូនពរដល់គណបក្សប្រជាជនកម្ពុជាយើង ទទួលបានជ័យជម្នះ ជារៀងរហូត ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ព្រមទាំងសូមជូនពរដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕