(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងស្ថាប័នជាតិទេសចរណ៍ជប៉ុន បានរៀបចំបើកសម្ពោធពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៤ ឆ្នាំ២០២២ (The 4th Japan Travel Fair 2022) រយៈពេល២ថ្ងៃ ចាប់ពីនៅថ្ងៃទី១០ និងទី១១ ខែធ្នូ ដើម្បីផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជប៉ុន ទៅកាន់ប្រជាជនកម្ពុជា និងពង្រឹងចំណងទំនាក់ទំនងលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ពិធីបើកពិព័រណ៍នេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោកបណ្ឌិត ថោង ខុន, លោក តានិណៃ អ៉ិឈិតុមុំ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងស្ថាប័ន ទេសចរណ៍ជាតិជប៉ុនប្រចាំការិយាល័យទីក្រុងបាងកក នៅផ្សារទំនើបអុីអន (AEON Mall 1) រាជធានីភ្នំពេញ។

លោក តានិណៃ អ៉ិឈិតុមុំ បានថ្លែងថា ពិព័រណ៍ទេសចរណ៍ជប៉ុនដែលរៀបចំឡើងដោយស្ថាប័នទេសចរណ៍ជាតិជប៉ុន (JNTO) បានរៀបចំពិព័រណ៍លើកទី៣ កាលពីឆ្នាំ២០១៩ ប៉ុន្តែក្រោយមកដោយសារមានការរីករាលដាល នៃជំងឺកូវីដ១៩ ត្រូវបានផ្អាកការរៀបចំចំនួន២លើក។ ពេលនេះយើងបានរៀបចំឡើងវិញ ក្រោយរយៈពេល៣ឆ្នាំ។

ជាមួយគ្នានេះ តានិណៃ អ៉ិឈិតុមុំ បានឱ្យដឹងថា ដោយសារការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងការបន្ធូរបន្ថយវិធានការព្រំដែនប្រឆាំងនឹងការឆ្លងកូវីដ១៩ ទាំងក្នុងប្រទេសជប៉ុន និងកម្ពុជា ប្រជាជនកម្ពុជា បាននិងកំពុងទៅទស្សនាប្រទេសជប៉ុននាពេលថ្មីៗនេះ កាន់តែច្រើនជាងពេលមុនៗ។ ដូចដែលអ្នកបានដឹងហើយថាប្រទេសជប៉ុនមាន៤រដូវ គឺនិទាឃរដូវ រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។

ខែធ្នូ គឺជាការចាប់ផ្តើមនូវរដូវរងា ដែលបន្តដល់ខែកុម្ភៈឆ្នាំក្រោយ។ ពិភពរដូវរងារពណ៌សក្បុសដែលអាចទស្សនាបាននៅកោះហុកកៃដូជាដើមគឺជាទស្សនីយភាពដ៏អស្ចារ្យដែលមិនមានក្នុងប្រទេសកម្ពុជា។ទេសភាពរដូវរងាដ៏អស្ចារ្យបែបនេះមានតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ លើសពីនេះ នៅរដូវរងារ មានក្តាមយក្សតារ៉ាបា ដែលជាស្តេចនៃអាហារឆ្ងាញ់សម្រាប់រដូវរងា អយស្ទ័រដែលហៅថា «ទឹកដោះគោសមុទ្រ» និងត្រិកំពត ដែលជាម្ហូបដ៏ប្រណិតសម្រាប់ស៊ុបឆ្នាំងភ្លើង និងបន្លែតាមរដូវដែលបន្ថែមភាពផ្អែមឆ្ងាញ់ ដូចជាស្ពៃបូកគោ ស្ពៃក្តោប និងខ្ទឹមបារាំង។ ជាងនេះទៅទៀត លោកអ្នកអាចបរិភោគ អាហារបន្លែផ្លែឈើតំណាងឱ្យរដូវរងាជាច្រើនផ្សេងទៀតដូចជា៖ ក្រូចខ្វិច ដែលមានរសជាតិកាន់តែឆ្ងាញ់ពេលដែលយើងញ៉ាំនៅក្រោមកូតាត្សឹ។

លោក តានិណៃ អ៉ិឈិតុមុំ បានបន្តថា នៅក្នុងពិព័រណ៍ទេសចរណ៍ជប៉ុនថ្ងៃនេះ បានរៀបចំធ្វើផ្ទះព្រិលដែលហៅថាកាម៉ាគូរ៉ា និងសម្លៀកបំពាក់យូកាតា ជាដើមដើម្បីឱ្យអ្នកចូលរួមទាំងទទួលបានបទពិសោធន៍ពីវប្បធម៌ជប៉ុន។ លោកសង្ឃឹមថាលោកអ្នកនឹងរីករាយនឹងផ្នែកមួយនៃភាព អស្ចារ្យនៃរដូវរងានៅក្នុងប្រទេសជប៉ុន តាមរយៈកម្មវិធីនេះនៅក្នុងទីក្រុងភ្នំពេញ ហើយធ្វើឱ្យលោកអ្នកនឹងមានចំណាប់អារម្មណ៍ទៅទស្សនាប្រទេសជប៉ុន ដើម្បីរីករាយជាមួយព្រិល និងរដូវរងាពិតប្រាកដ។

លោក តានិណៃ អ៉ិឈិតុមុំ បានគូសបញ្ជាក់ថា៖ «នៅប្រទេសជប៉ុន មិនមែនមានត្រឹមតែរដូវរងាប៉ុណ្ណោះទេ។ នៅប្រទេសជប៉ុន លោកអ្នកអាចទទួលបានបទពិសោធន៍ពីធម្មជាតិដូចជាផ្កាសាគូរ៉ា និងស្លឹកឈើជ្រុះ ទីក្រុងប្រវត្តិសាស្ត្រដូចជា៖ ណារ៉ា និងក្យូតុ ក៏ដូចជាវប្បធម៌ជប៉ុន អាហារ និងសេវាកម្មល្អ (បដិសណ្ឋារកិច្ច)។ ឥឡូវនេះ បន្ទាប់ពីការបន្ធូរបន្ថយវិធានការព្រំដែន ប្រាក់យ៉េនក៏មានការធ្លាក់ថ្លៃជាកំណត់ត្រាក្នុង រយៈពេលជាង៣០ឆ្នាំ។ ខ្ញុំគិតថា នេះគឺជាឱកាសមួយដើម្បីរីករាយនឹងការទស្សនា ក៏ដូចជាការដើរទិញឥវ៉ាន់យ៉ាងសប្បាយផងដែរ។ សូមឆ្លៀតឱកាសនេះដើម្បីពិចារណាធ្វើដំណើរទៅប្រទេសជប៉ុន»

បើតាមលោកស្រី ហ៊ុន ដានី បានលើកឡើងថា «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព កក់ក្តៅ ស្អាត និងបៃតង»។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាសម្រេចបានជោគជ័យក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបានបើកទទួលទេសចរអន្តរជាតិឡើងវិញទាំងស្រុង ដោយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាក្នុងការស្តារវិស័យសេដ្ឋកិច្ច-សង្គម និងទេសចរណ៍ឡើងវិញ ព្រមទាំងយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ បានធ្វើឱ្យកំណើនទេសចរអន្តរជាតិមកកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២២ ប្រមាណ ១,៥៧លាននាក់ កើនឡើង ៩៩១% ក្នុងនោះទេសចរជប៉ុនមានចំនួន ១៩,៧៩៤នាក់ កើនឡើង ១២៨៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ហើយកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៣លាននាក់ នៅឆ្នាំ២០២៣ ក្នុងនោះទេសចរជប៉ុនប្រមាណ ៦៤,៧០២នាក់។

លោកស្រី បានថ្លែងថា ជប៉ុន គឺជាមិត្តយុទ្ធសាស្រ្តកម្រិតខ្ពស់របស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរួមមាន វិស័យទេសចរណ៍ផងដែរ។ ជាក់ស្តែងទៀត ក្នុងជំនួបរវាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក៏បានបញ្ជាក់អំពីគោលបំណងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនទេសចរដោយជំរុញឱ្យមានការហោះហើរត្រង់ឡើងវិញរវាងកម្ពុជានិងជប៉ុន ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលនៃការស្តារវិស័យទេសចរណ៍ឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរ និងវិនិយោគិនជប៉ុនកាន់តែច្រើនថែមទៀត ហើយនៅពេលខាងមុខ ក្រសួងទេសចរណ៍កម្ពុជាត្រៀមនឹងចូលរួមព្រឹត្តិការណ៍ Cambodia Festival និងពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Tourism Expo ឆ្នាំ២០២៣ នៅប្រទេសជប៉ុនផងដែរ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងរំពឹងថា ពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៤នេះ នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនឱ្យកាន់តែប្រសើរឡើង ជាពិសេសលើវិស័យទេសចរណ៍នៅក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩ តាមរយៈទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនដែលមានរួចស្រាប់ហើយនោះ ការតភ្ជាប់រំហូរទេសចរណ៍រវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុននឹងកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ជាងនេះទៀត នឹងជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នានា និងវប្បធម៌របស់កម្ពុជាដល់ប្រជាជនជប៉ុន ក៏ដូចជាទេសចរអន្តរជាតិនៅប្រទេសជប៉ុនឱ្យបានដឹង បានស្គាល់ និងបានមកទស្សនាកម្ពុជាកាន់តែច្រើនឡើងនៅឆ្នាំទស្សនាកម្ពុជា២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA GAMES) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN PARA Games)។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី ក៏បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាសម្រាប់ «ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕