(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ផ្លូវកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ទៅព្រែកចំណោមបានរងការខូចខាតដោយទឹកជំនន់។ ចំពោះបញ្ហានេះ ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរឃុំស្រុកជួយជួសជុល ដើម្បីសម្រួលដឹកកសិផលនៅពេលខាងមុខ នៅឃុំចំណោម ស្រុកមង្គលបូរី។

ប្រជាពលរដ្ឋបានប្រាប់ថា ផ្លូវចាក់កៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ទៅព្រែកចំណោមជាផ្លូវមួយតភ្ជាប់ពីឃុំចំណោមស្រុកមង្គលបូរី ដល់ឃុំតាគង់ ស្រុកម៉ាឡៃ បានរងការខូចខាតដោយទឹកជំនន់នៅឆ្នាំ២០២២នេះ ដែលប្រជាពលរដ្ឋទៅមកជួបការលំបាកព្រោះផ្លូវត្រូវបានទឹកហូរច្រុះដាច់ដែលប្រឈមដឹកកសិផលនៅពេលខាងមុខនេះមានផលលំបាក។

ប្រជាពលរដ្ឋបានសំណូមពរដល់លោក ចៅ ម៉ី មេឃុំចំណោម និងអភិបាលស្រុកមង្គលបូរី សុំមេត្តាជួយសម្រួលផ្លូវកៅស៊ូដែលរងការច្រុះដាច់ដោយទឹកជំនន់ ដើម្បីធ្វើការជួសជុលឡើងវិញសម្រាប់ប្រជាកសិករ ប្រមូលផលនៅពេលខាងមុខនេះ ទៅមកបានដោយងាយស្រួលផងព្រោះថាពេលនេះ រថយន្តទៅមកជាស់គ្នាលំបាក់បើធ្លាក់ចំហុកកន្លែងទឹកច្រុះដាច់អាចជាប់ទៅមុខបាន។

លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានប្រាប់ថា ផ្លូវកៅស៊ូទៅព្រែកចំណោមមានប្រវែងជាង១០គីឡូម៉ែត្រ ត្រូវបានកសាងដោយថវិកាខេត្តតែពេលនេះរងការខូចខាតដោយទឹកជំនន់ច្រុះដាច់ ហើយនៅខេត្តបន្ទាយមានជ័យឆ្នាំ២០២២ ផ្លូវដែលរងគ្រោះដោយទឹកជំនន់ជនលិចមានចំនួន៦៣ខ្សែ មានប្រវែង៦៧៤គីឡូម៉ែត្រ ក្នុងនោះមានលិចទឹកខូចប្រវែង១៦៤គីឡូម៉ែត្រ និងច្រុះដាច់ជើងទេប្រវែង១៥២គីឡូម៉ែត្រ និងទឹកលិចដាច់តួផ្លូវ៣៩គីឡូម៉ែត្រ និងដាច់លូ៦កន្លែង ហើយត្រូវបានមន្ទីអភិវឌ្ឍន៍ជនបទខេត្តសហការជាមួយអាជ្ញាធរឃុំសង្កាត់ បានធ្វើការជួសជុលនិងសម្រួលបានមួយចំនួនដើម្បីឲ្យប្រជាពលរដ្ឋទៅមកបានស្រួល៕