(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្រូវមិនប្រកាន់រដូវដែលស្តារឡើងវិញជាង៦ពាន់ហិកតា ពេលនេះប្រជាកសិករបង្កបង្កើនផលបានជាង១ម៉ឺនហិកតាហើយ។ ជាក់ស្តែងនៅថ្ងៃនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី រួមជាមួយមន្រ្តីជំនាញកសិកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យផ្ទាល់មើលពីការបង្កបង្កើនរបស់ប្រជាកសិករនៅស្រុកមង្គលបុរី។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មានផ្ទៃដីបង្កបង្កើនផលស្រូវ២៦ម៉ឺនហិកតា ដោយឆ្នាំនេះទឹកភ្លៀងធ្លាក់ដើមដៃច្រើន បណ្តាលមានជំនន់ទឹកភ្លៀងលិចស្រូវប្រជាកសិករ ៣៩.០០០ហិកតា និងខូចខាតស្រូវទាំងស្រុងមានផ្ទៃដី ២៨.០០០ហិកតា។

លោកបានបញ្ជាក់ថា ក្រោយទឹកស្រក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ស្រូវពូជប្រភេទស្រូវមិនប្រកាន់រដូវរ ឬស្រូវរយៈពេលខ្លីមានស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ាប្រភេទ ៥១.៥៤ មានទម្ងន់៥០០តោន ដែលត្រូវស្តាឡើងវិញផ្ទៃដី៦.០០០ហិកតា និងប្រជាកសិករដែលមានស្រូវពូជខ្លួនឯងបានបង្កបង្កើនផលរហូតពេលនេះបានជាង ១ម៉ឺនហិកតា។

លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ក្រោយពីទឹកលិចលង់ស្រូវប្រជាកសិករ ហើយត្រូវបានស្តារឡើងវិញដែលបានបង្កបង្កើនផលបានប្រមាណ៩០ភាគរយហើយមានដូចជា ស្រុកមង្គលបូរី ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ អាចថារយៈពេលកន្លះខែទៀតរួចរាល់ទាំងអស់ និងរយៈពេល២ទៅ៣ខែទៀត ត្រូវបានប្រមូលផលហើយឆ្នាំនេះ បញ្ហាទឹកសម្រាប់បង្កបង្កើនផលស្រូវដូចជាគ្រប់គ្រាន់ហើយ សង្ឃឹមថាប្រជាកសិករនឹងមានយោគយល់គ្នាក្នុងបញ្ចូលទឹកដាក់ស្រូវមិនដណ្តើមគ្នា។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយចុះពិនិត្យមើលសកម្មភាពប្រជាកសិករ បង្កបង្កើនផលស្រូវក្រោយទទួលស្រូវពូជពីរាជរដ្ឋាភិបាល នៅស្រុកមង្គលបូរី បានបង្កបង្កើនផលស្រូវមិនប្រកាន់រដូវ ឬស្រូវស្រាលស្ទើរ តែរួចរាល់អស់ហើយ មាននៅសល់តិចតួចដែលទឹកមិនទាន់ស្រកអស់ដែលកំពុងបង្កបង្កើនផលជាបណ្តើរៗឃើញថា ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករទទួលបានដើមដងល្អដែលជាការណែនាំ និងបណ្តុះបណ្តាលពីមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត៕