(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីបើកការដ្ឋាន ជួសជុលផ្លូវអ៊ុតកៅស៊ូ AC ទទឹង៨ម៉ែត្រ បណ្តោយ៥០១ម៉ែត្រ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ និងទួលស្វាយព្រៃទី២ និងជួសជុលប្រព័ន្ធលូ មុខកាត០.៦ម៉ែត្រ ប្រវែង៧០២ម៉ែត្រ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទំនប់ទឹក និងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានណែនាំដល់មន្ដ្រីទាំងអស់ និងអ្នកពាក់ព័ន្ធក្រុមហ៊ុនម៉ៅការ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួសជុលដោយធ្វើទៅតាមស្ដង់ដារបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានសុំនូវការយោគយល់ពីសំណាក់ប្រជាពលរដ្ឋផងដែរ ជុំវិញការជួសជុលផ្លូវ និងប្រព័ន្ធលូ ក្រែងមានការប៉ះពាល់ដោយប្រការណាមួយ ឬរំខានដល់ការធ្វើអាជីវកម្ម៕