(បន្ទាយមានជ័យ)៖ នៅថ្ងៃសៅរ៍ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ មន្ត្រីពាក់ព័ន្ធ បានអញ្ជើញនាចុះផ្តល់កង់ចំនួន២០ គ្រឿង ជូនកូនៗមានជីវភាពខ្វះខាតនៅតាមសាលារៀនមួយចំនួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ម្សិលមិញ លោកអភិបាលខេត្ត បានចុះទៅផ្តល់កង់ចំនួន ១០គ្រឿង ជូនកូនសិស្សនៅមណ្ឌលកុមារកំព្រាស្ថិតក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

ក្នុងឱកាសចុះផ្តល់កង់នោះ លោក អ៊ុំ រាត្រី បានសំណេះសំណាល និងផ្តាំផ្ញើកូនៗទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យក្លាយជាក្មេងល្អ សិស្សពូកែ កុំអស់សង្ឃឹមទោះបីជាជួបការលំបាកផ្នែកជីវភាពក៏ដោយ មានតែចំណេះវិជ្ជាតែមួយគត់ដែលអាចជួយកូនៗកសាងខ្លួនមានអនាគតល្អ។ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗផងដែរ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា កង់ទាំងអស់នេះបានជាមធ្យោបាយធ្វើដំណើរទៅរៀនសូត្រនៅសាលារៀន បានជួយកាត់បន្ថយការលំបាកជាគ្រាមុន ហើយសង្ឃឹមថាកូនៗទាំងអស់នឹងក្លាយជាទំពាំងស្នងឬស្សី ដ៍ល្អនៅថ្ងៃអនាគត សំណាងល្អទាំងអស់គ្នាក្នុងជីវិត។ កង់ទាំងអស់នេះបានមកពីការចូលរួមជួយឧបត្ថម្ភពីមិត្តភក្រ័របស់លោក អតីតសិស្សដែលសិក្សានៅវិទ្យាល័យភ្នំដូនពេញឆ្នាំ១៩៨៣-១៩៨៦។

ឆ្លៀតក្នុងឱកាសនេះ ជួសមុខឲ្យសិស្សានុសិស្ស លោក អ៊ុំ រាត្រី សូមថ្លែងអំណរគុណដល់មិត្តភ័ក្រជាអតីតសិស្សវិទ្យាល័យភ្នំដូនពេញ ជំនាន់ឆ្នាំ១៩៨៣~១៩៨៦ ដែលបានផ្តល់ថវិកាចូលរួមទិញកង់ចំនួន ៣៥គ្រឿង ដើម្បីផ្តល់ជូនសិស្សក្រីក្រក្នុងខេត្តបន្ទាយមានជ័យ៕