(កណ្តាល)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងនាមសមាជិកគណ:អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ នៃគណ:អចិន្ត្រៃយ៏ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម និងកម្មវិធីការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធាន-អនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំទាំង ៧ គណៈកម្មាធិការគណបក្សស្រុក ប្រធានសាខាបក្សជុំវិញស្រុក ក្រុមការងារយុវជនគណបក្សស្រុក ក្រុមការងារចលនាស្ត្រីគណបក្សស្រុក ប្រធាន-អនុប្រធានគណបក្សឃុំ សរុបរួមប្រមាណ ១២០ រូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពការងារចុះជួយមូលដ្ឋានស្រុកលើកដែក ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ ក៏ដូចជាកំណត់នូវផែនការសកម្មភាពសម្រាប់ត្រៀមព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

ជាកិច្ចចាប់ផ្តើម អង្គពិធីបានធ្វើការគោរពទង់ជាតិ ទង់បក្ស និងគោរពវិញ្ញាណក្ខន្ធ និងបានស្តាប់សេចក្តីរាយការណ៍របស់ លោក ចាប ច័ន្ទវិទ្យា ប្រធានគណបក្សស្រុកលើកដែក បានឡើងជម្រាបជូនអង្គពិធីទាំងស្រុងនូវសេចក្តីសម្រេចស្តីពីផែនការរួម និងកម្មវិធីការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដោយធ្វើការបង្ហាញពីរចនាសម្ព័ន្ធ គោលដៅ យុទ្ធសាស្រ្ត ការប្តេជ្ញាចិត្ត និងបញ្ហាផ្សេងៗ សំដៅធ្វើយ៉ាងណារក្សាសំឡេងគាំទ្រពីមុន និងបង្កើនសំឡេងបន្ថែម។

ថ្លែងក្នុងអង្គពិធី លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំបណ្តាំសាកសួរសុខទុក្ខរបស់ សម្ដេចតេជោប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍គណបក្ស និងក្នុងនាមលោកស្រីផ្ទាល់ បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ផ្នែក ព្រមទាំងសកម្មជនដែលបានខិតខំរួមកម្លាំងសាមគ្គីគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជ័យចម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលកន្លងទៅ ពិសេសការបន្តចូលរួមដោះស្រាយបញ្ហាសំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងស្រុកកាន់តែមានលំនឹង និងប្រសើរឡើង ដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។

នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវសមិទ្ធផលធំៗមួយចំនួនគួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានធ្វើរួមមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រផ្ការីកដោយបានវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋ បង្កើតបានយ៉ាងល្អនូវភាពស៊ាំសហគមន៍ ការរក្សាលំនឹងជីវភាព កំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា និងអំពីភាពជោគជ័យយ៉ាងត្រចះត្រចង់កាលពីពេលថ្មីៗនេះក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដោយត្រូវលុបបំបាត់អោយអស់នូវភាពអសកម្មនានា ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមាន សេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចគ្រួសារមានលំនឹង និងកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត បានធ្វើការជំរុញឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានានិងត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងជម្ងឺរាតត្បាតនានា ព្រមទាំងបានធ្វើការលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក បានធ្វើការជំរុញឱ្យមានការបន្តតាមដាន ក្តាប់សភាពការណ៍ សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងស្រុកអោយជាប់ និងមានភាពច្បាស់លាស់ ហើយរៀបចំផែនការសកម្មភាពលម្អិត និងបញ្ជីបចុប្បន្នភាពចុងក្រោយនៃចំនួនប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ដែលទើបត្រូវបានបិទបញ្ចប់ និងបច្ចុប្បន្នភាពសមាជិកភាពថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធិភាពទៅតាមគោលបំណង។

ជាចុងក្រោយ លោកស្រីកិត្តិសង្គហបណ្ឌិត សង្ឃឹមថា ក្រុមការងារគណបក្សគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានស្រុកលើកដែក នឹងបន្តរួមគ្នាអនុវត្តឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខនេះ។ ផ្អែកលើការងារកំណត់ក្នុងផែនការរួម លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្ដល់ទស្សនទានជាច្រើនបន្ថែមទៀតទៅកាន់អង្គពិធី ដើម្បីជាជំនួយស្មារតីបន្ថែមក្នុងការរៀបចំផែនការបន្តទៀត សម្រាប់គណបក្សនៅតាមមូលដ្ឋានស្រុកលើកដែកទាំងមុនដំណាច់ឆ្នាំ២០២២ និងបន្តរហូតដល់ការបោះឆ្នោត៕