(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនភិបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២។

ពិធីនេះបានប្រព្រឹត្តិទៅ នាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីថេលភូគីត្រាភ្នំពេញ ក្រោមការចូលរួមពីសំណាក់ភ្ងៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សមាគមពាណិជ្ជកម្ម និងក្រុមហ៊ុនវិនិយោគ យ៉ាងច្រើនកុះករ។

លោក វង្សី វិស្សុត បានថ្លែងថា ការរៀបចំកម្មវិធី ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ ជាលើកទី២នេះ ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងអំណោយផល សម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា។ កម្មវិធីបានប្រព្រឹត្តទៅស្របពេលដែលព្រះរាជាណាចក្រកម្ពុជាទើបទទួលបាននូវជោគជ័យដ៏ត្រចះត្រង់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជាកិត្យានុភាព និងជាមោទនភាពជាតិដ៏ខ្ពស់ត្រដែត ដែលឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរឈានឡើងជាបន្តបន្ទាប់របស់កម្ពុជា ទាំងក្នុងកម្រិតនៃការអភិវឌ្ឍ ទាំងសមត្ថភាពក្នុងការដឹកនាំកិច្ចការអន្តរជាតិ ពិសេសក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និងភ្លឺស្វាង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្តថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើគន្លងនៃការងើបឡើងវិញ បន្ទាប់ពីបានបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ ក្នុងរយៈពេលជាងមួយឆ្នាំមក ដោយសារការសម្រេចបាននូវភាពសុំាក្នុងសហគមន៍ដ៏ឆាប់រហ័ស តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តវ៉ាក់សាំងដ៏ត្រឹមត្រូវ និងទាន់ពេលវេលា ក៏ដូចជាបានគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ មកលើសង្គម-សេដ្ឋកិច្ច ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងឆ្នាំ២០២២នេះ និងប្រមាណ ៦% ក្នុងឆ្នាំ២០២៣ ទោះបីកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោក កំពុងជួបប្រទះនូវហានិភ័យ និងបញ្ហាប្រឈមស្មុគស្មាញជាច្រើន ដូចជា៖ ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ, ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល, ការតម្លើងអាត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិក, បញ្ហា កង្វះថាមពល និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុក្តី។ ទន្ទឹមនឹងនេះ អត្រានៃអតិផរណារំពឹងថានឹងស្ថិតក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ និងក្នុងរង្វង់ប្រមាណ ៣% នៅឆ្នាំ២០២៣ ទោះបីសន្ទុះនៃអត្រាអតិផរណាមានការកើនឡើងខ្ពស់ជាសកលក្តី។

ជាមួយគ្នានេះដែរ លោកគូសបញ្ជាក់ថា តួលេខនេះបានឆ្លុះបញ្ចាំងពីគុណភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជាសក្ខីភាពមួយទៀតឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជន ជាដៃគូ និងជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច ដូចមានចែងក្នុងមុំទី៣ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤, ដោយក្នុងនោះ ការលើកកម្ពស់សហគ្រិនភាព គឺជាយុទ្ធសាស្ត្រយូរអង្វែងមួយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតតម្លៃ, បង្កើនតម្លៃបន្ថែម និងបង្កើតការងារ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ក៏ដូចជាធ្វើឱ្យកំណើនកាន់តែមានភាពធន់ និងមានចីរភាព ដើម្បីពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាផង និងដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនឲ្យកាន់តែរីកលូតលាស់ និងរឹងមាំផងដែរ។

ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្នុងឆ្នាំ២០១៩ ដែលមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានកិត្តិយស និងបានបង្កើតសហគ្រិនខ្មែរ ដើម្បីអនុវត្តមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនេះ ក្នុងគោលដៅរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងផ្តល់សេវាគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រិនភាពនៅកម្ពុជា តាមរយៈការផ្តល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់សហគ្រិន, សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ទាំងក្នុងស្រុក និងទាំងមកពីក្រៅប្រទេស ដែលបានចុះបញ្ជីការត្រឹមត្រូវនៅកម្ពុជា ព្រមទាំងស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីបង្កើនផលិតភាព, ប្រសិទ្ធភាព, ភាពប្រកួតប្រជែង, នវានុវត្តន៍ និងបង្កើតការងារ និងតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានបង្កើត និងដាក់ឱ្យដំណើរការជាបន្តបន្ទាប់នូវ មជ្ឈមណ្ឌលតេជោធុរកិច្ចថ្មី, មូលនិធិអភិវឌ្ឍន៍ជំនាញ, ធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហា Market Distortions រួមមានបញ្ហាកង្វះជំនាញ បញ្ហាកង្វះប្រភពហិរញ្ញប្បទាន បញ្ហាកង្វះសហគ្រាសធុនកណ្តាល (Missing Middle) ទាំងក្នុងវិស័យពិត និងវិស័យហិរញ្ញវត្ថុ សម្រាប់តភ្ជាប់ទៅកាន់ ខ្សែច្រវ៉ាក់ផ្តត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃពិភពលោក (Global Supply Chain & Global Value Chain)។ ទន្ទឹមនេះ កម្មវិធីថ្នាលថ្នាក់ជាតិស្ដីពីធុរកិច្ចកម្ពុជា ព្រមទាំងថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក៏បានបង្កើតឡើងដើម្បីគាំទ្របន្ថែមដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាទាំងមូលផងដែរ។

លោក វង្សី វិស្សុត បានបន្តថា កម្មវិធី ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ គឺជាសកម្មភាពមួយ ក្នុងចំណោមការងារស្នូលជាច្រើនទៀតរបស់សហគ្រិនខ្មែរ ដែលមានតួនាទីជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការបង្កើតការងារ, នវានុវត្តន៍, ការរលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច តាមរយៈមុខងារចម្បងចំនួន៤ រួមមាន៖

ទី១៖ ការលើកកម្ពស់វប្បធម៌ និងបរិយាកាសសម្រាប់សហគ្រិនភាព
ទី២៖ ការបង្កើនសមត្ថភាពដល់សហគ្រិន តាមរយៈនាំយកអ្នកជំនាញមកបណ្តុះបណ្តាលសហគ្រិនក្នុងស្រុក
ទី៣៖ ការតភ្ជាប់បណ្ដាញ ដើម្បីលើកកម្ពស់ការទទួលស្គាល់របស់សហគ្រិនក្នុងស្រុកតាមរយៈការធ្វើ Co-Branding ជាមួយតួអង្គធំៗកម្រិតអន្តរជាតិ
និងទី៤៖ ការផ្តល់ជំនួយថវិកាគាំទ្រ ទាំងទុនអភិវឌ្ឍអាជីវកម្ម (Pre-Seed Grant) និងកញ្ចប់ជំនួយសហគ្រិនខ្មែរ (Khmer Enterprise Assistance Package)។ តទៅមុខទៀត យើងនឹងរៀបចំទិន្នន័យមួយពាក់ព័ន្ធសហគ្រិនក្នុងស្រុក ឱ្យក្លាយជាប្រព័ន្ធប្រតិបត្តិការការងារមួយដែលពឹងលើទិន្នន័យ (data-driven) ក្នុងការគ្រប់គ្រង និងចែករំលែកពត៌មាន។

នៅក្នុងពិធីនេះដែរ លោក វង្សី វិស្សុត បានចូលរួមអបអរសាទរដល់ជ័យលាភី និងសូមលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ព្រោះកម្ពុជាត្រូវការជាចាំបាច់នូវសហគ្រិនឆ្នើម ច្រើនទៀត ដើម្បីជួយអភិវឌ្ឍប្រទេសជាតិយើង និងបានបន្តអំពាវនាវ និងលើកទឹកចិត្តដល់សហគ្រិនទាំងអស់ សូមប្រែក្លាយការគ្រប់គ្រងអាជីវកម្ម ពីបែបគ្រួសារមកបែបសាជីវកម្ម, ហ៊ានទទួលយកនូវហានិភ័យ (Take risk), ធ្វើធុរកិច្ច ឬបោះទុនវិនិយោគ ដោយមានការសិក្សាទីផ្សារច្បាស់លាស់ មិនធ្វើតាមគ្នា, ចេះសម្លឹងឱកាស និងចេះចាប់យកឱកាស, ពិសេសត្រូវចេះប្រើប្រាស់ និងចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើតនូវផលិតផល និងសេវាកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដែលនាំមកនូវផលិតភាពខ្ពស់, ការបង្កើតការងារ និងបង្កើតតម្លៃបន្ថែមកាន់តែច្រើនថែមទៀតដល់សេដ្ឋកិច្ច ហើយត្រូវចេះបណ្តុះគំនិតទទួលខុសត្រូវចំពោះសង្គមផងដែរ។

សូមគូសបញ្ជាក់ថា ពានរង្វាន់សហគ្រិន ត្រូវបានបែងចែកជា ៣ ប្រភេទ គឺទី១៖ ពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ, ទី២៖ ពានរង្វាន់សហគ្រិនខ្មែរ ក្នុងធុរកិច្ចបង្កើតថ្មី និងទី៣៖ ពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូចនិងមធ្យម ដែលមានម្ចាស់ជ័យលាភីទៅតាមប្រភេទនីមួយៗ ដូចខាងក្រោម៖

ម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ៖

*ជ័យលាភីលេខ១៖ CO2 Converter ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២,០០០ដុល្លារ
*ជ័យលាភីលេខ២៖ B Positive ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១,៥០០ដុល្លារ
*ជ័យលាភីលេខ៣៖ Synergy ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១,០០០ដុល្លារ

ម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី៖

*ជ័យលាភីលេខ១៖ ហ្វីប កូកូ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៥,០០០ដុល្លារ
*ជ័យលាភីលេខ២៖ អាហ្គ្រោណេតឈ័រ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៤,០០០ដុល្លារ
*ជ័យលាភីលេខ៣៖ អាន់ស៊ីនត្រា ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៣,០០០ដុល្លារ
*ជ័យលាភីលេខ៤៖ ស៊ូឌ្រេន ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២,០០០ដុល្លារ

ម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម៖

*ជ័យលាភីលេខ១៖ ភ្លើងគប់ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៧,០០០ដុល្លារ
*ជ័យលាភីលេខ២៖ កសិដ្ឋាន៤០០ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៦,០០០ដុល្លារ
*ជ័យលាភីលេខ៣៖ អេស៊ា អិល & អ៉ី ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៥,០០០ដុល្លារ
*ជ័យលាភីលេខ៤៖ ផ្តៅ ម៉ាឃីត ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៤,០០០ដុល្លារ

ជ័យលាភីពានរង្វាន់កិត្តិយស៖ ក្រុមហ៊ុន Sela Pepper Cambodia ក្នុងការទទួលស្គាល់ជារោងចក្រកែច្នៃម្រេចដ៏ទំនើប មួយរបស់កម្ពុជាជាមួយនឹងឧបករណ៍ច្នៃប្រឌិតក្នុងផ្ទះ និងការនាំចេញទៅក្រៅប្រទេស៕