(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអ្នកដែលស្វែងរកសន្ដិភាពជូនជាតិ មាតុភូមិមួយនេះ បានលើកឡើងថា នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ «សន្ដិភាព» គឺជាប្រធានបទដ៏សំខាន់បំផុត ខណៈអឺរ៉ុបធ្លាប់តែជាតំបន់ដែលពោរពេញដោយសន្ដិភាព ប៉ុន្ដែពេលនេះកំពុងតែកើតសង្គ្រាមទៅវិញ។

ក្នុងឱកាសអញ្ជើញអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា អ្វីដែលសម្ដេចធ្លាប់តែលើកឡើងអំពីសន្ដិភាពនោះ មិនមែនជាបញ្ហាដោយឡែកសម្រាប់កម្ពុជានោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា នៅប្រទេសដែលមានសង្គ្រាម ច្បាស់ណាស់ថានឹងមិនមានឡើយនូវទេសចរណ៍ ហើយអ្នកទេសចរក៏មិនសាកល្បងប្រលែងលេងជាមួយនឹងគ្រាប់មីន គ្រាប់ផ្លោង និងគ្រាប់បែកនោះទេ។ ជាក់ស្ដែងកងទ័ពរបស់កម្ពុជា ក៏កំពុងមានវត្តមាននៅប្រទេសដែលមានសង្គ្រាមនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សង្គ្រាមកំពុងតែកើតនៅក្នុងតំបន់អឺរ៉ុប ដែលនៅទីនោះធ្លាប់តែមានសន្ដិភាព ក៏ប៉ុន្ដែឥលូវនេះតាមរយៈបញ្ហាដែលបាននិងកំពុងកើតនៅអឺរ៉ុប បានក្លាយទៅជាប្រធានបទដ៏ធំ ដូច្នេះរឿងរ៉ាវដែលខ្ញុំនិយាយអំពីសន្ដិភាព មិនមែនជាបញ្ហាដែលដាច់ដោយឡែករបស់កម្ពុជាទេ។

កម្ពុជា បាននិងកំពុងមានកងទ័ពរបស់ខ្លួន នៅលីបង់ នៅស៊ូដងខាងត្បូង នៅម៉ាលី និងនៅអាហ្វ្រិកកណ្ដាល យើងបានពិនិត្យឃើញនៅទីនោះ គ្មានទេវត្តមាននូវទេសចរណ៍ គ្មានអ្នកណាអាចនឹងទៅសាកល្បងជាមួយគ្រាប់មីន គ្រាប់ផ្លោង និងគ្រាប់បែក នៅតំបន់ដែលមានសង្គ្រាមនោះទេ»

សម្ដេចតេជោ ហ៊ុន សែន ដែលតែងអះអាងប្ដូរផ្ដាច់ ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាសន្ដិភាពដែលកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ននេះ បានបង្ហើបថា ដំណើររបស់សម្ដេចទៅកាន់អឺរ៉ុប ក្រៅពីការប្រជុំអាស៊ាន ជាមួយអឺរ៉ុប ប្រធានបទនៃការប្រជុំនោះ និងប្រធានបទនៃការពិភាក្សារវាងសម្ដេច ជាមួយប្រធានាធិបតីបារាំង ក៏ដូចជាសន្ដិសុខ ទាក់ទងជាមួយបញ្ហាអ៊ុយក្រែន គឺបញ្ហាសន្ដិភាព នោះឯង។

ស្របពេលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាទិវាសិទ្ធិមនុស្សអន្ដរជាតិនោះ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតគូសរំលេចដែរថា សិទ្ធិមនុស្សអាចធ្វើទៅបានលុះត្រាតែមានសន្ដិភាព ជាក់ស្ដែងនៅក្នុងប្រទេសដែលមានសង្គ្រាម តើសិទ្ធិមនុស្សនៅទីណា? ដូច្នេះហើយសន្ដិភាពជារឿងចាំបាច់បំផុត។

ទាក់ទិនបញ្ហាសន្ដិភាពនេះ សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកធ្លាប់យកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសកម្ពុជាចេញពីភ្លើងសង្គ្រាម តែងតែប្រកាសជារឿយៗថា ដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែរក្សាសន្ដិភាពឲ្យបានសម្រាប់កម្ពុជា មិនអាចឲ្យអ្នកណាមកបំផ្លាញបានឡើយ។ ដោយឡែក សម្រាប់ក្រុមទាំងឡាយណាដែលចង់បំផ្លាញសន្ដិភាពរបស់កម្ពុជា ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែកម្ទេចចោល៕