(ភ្នំពេញ)៖ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា លោកនឹងសហការយ៉ាងជិតស្និទ្ធិជាមួយលោក សួស យ៉ារ៉ា និងក្រុមការងារនៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដើម្បីចូលរួមជំរុញផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ឱ្យក្លាយទៅជាកន្លែងដ៏សំខាន់មួយសម្រាប់យុវជនចិន-កម្ពុជា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ សូមជូនពរឱ្យយុវជននៃប្រទេសទាំងពីរក្លាយទៅជាអ្នកចូលរូមដ៏រឹងមាំនៃកិច្ចកសាងសហគមន៍វាសនារួមចិន-កម្ពុជា និងជាអ្នកបន្តវេនថែរក្សា និងលើកកម្ពស់មិត្តភាពដែកថែបកម្ពុជា-ចិន។

ការបញ្ជាក់បែបនេះ របស់ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើឡើងក្នុងឱកាសលោកបានជួបពិភាក្សាការងារជាមួយលោក សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងបរទេសគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងការលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ប្រធានលេខាធិការដ្ឋានៃគណៈទាក់ទងបរទេស និងជាអ្នកសម្របស្រួលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក៏បានអញ្ជើញចូលរួមផងដែរ ដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក សួស យ៉ារ៉ា បានស្វាគមន៍លោក Wu Chuanbing មកទស្សនាផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងវាយតម្លៃខ្ពស់ចំពោះមិត្តចិនដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ដើម្បីឱ្យផ្ទះយុវជននេះ ក្លាយជាកម្លាំងចលករថ្មីមួយទៀតក្នុងការរួមចំណែកជម្រុញទំនាក់ទំនងបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក សួស យ៉ារ៉ា ក៏បានរំលឹកពីការយកចិត្តទុកដាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចំពោះការផ្លាស់ប្តូរយុវជនកម្ពុជា-ចិន និងដំណើរការនៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងលើកទឹកចិត្តដល់ក្រុមការងារផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ឱ្យពង្រឹងនិងពង្រីកសកម្មភាពនិងកម្មវិធីផ្លាស់ប្តូយុវជន សំដៅបង្កើនការយោគយល់គ្នា ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងយុវជនប្រទេសទាំងពីរថែមមួយកម្រិតទៀត។

លោក Wu Chuanbing បានរំលឹកនូវអនុស្សាវរីយ៍ដ៏ល្អ និងមានសារៈសំខាន់ដែលលោកសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕