(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗចំនួន៦ចំណុច ដើម្បីធ្វើយ៉ាងណាកែរប្រែមុខមាត់តំបន់ឆ្នេរសមុទ្រនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត និងសក្តិសមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងស័ក្តិសមជាមួយនឹងការទទួលបាននូវកិត្តិនាមជា «តារារះនាទិសនិរតី»

សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍គន្លឹះយ៉ាងដូចនេះនៅថ្ងៃល្ងាចថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អនុសាសន៍គន្លឹះសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាឱកាសបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ រួមមាន៖

ទី១៖ ដូចដែលបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញនេះ, យើងត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើសកលលោក។ ឥឡូវនេះកម្ពុជាចាប់ផ្តើមទទួលភ្ញៀវជាតិនិងអន្តរជាតិនៅគ្រប់ទីកន្លែងទាំងអស់ជាបណ្តើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩។ គ្មានសន្តិភាពគ្មានការអភិវឌ្ឍ, គ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់។ សម្តេចក៏បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជា
នៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើងរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពនេះឱ្យខានតែបានដើម្បីធានាដល់ការអភិវឌ្ឍ។

ទី២៖ នៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក, សម្តេចក៏បានស្នើជាថ្មីម្តងទៀតឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ រួមជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាម ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងឱ្យស័ក្តិសមជាមួយនឹងការទទួលបាននូវកិត្តិនាមជា «តារារះនាទិសនិរតី»

ទី៣៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងការតភ្ជាប់តាមផ្លូវគោក និងតាមផ្លូវដែក និងតាមផ្លូវអាកាស។

ទី៤៖ ត្រូវជំរុញការផលិតដើម្បីផ្គត់ផ្គង់ដល់ទេសចរដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង»។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ។ យើងត្រូវខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្តង់ដារបម្រើឱ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងនៅក្នុងតំបន់ទេសចរណ៍។

ទី៥៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់។ សន្តិភាពជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម វាជាក្របខណ្ឌម៉ាក្រូផង និងមីក្រូផង។ ក្នុងន័យនេះ, តំបន់ទេសចរណ៍ទាំងអស់មិនគ្រាន់តែខេត្តព្រះសីហនុ តែតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងគ្រប់ទីកន្លែង ដែលមានភ្ញៀវទេសចរទៅ គឺត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ទី៦៖ សម្តេចក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័ន្តពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និងវិស័យឯកជន ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះប្រកបដោយភាពជោគជ័យ និងចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាសោភ័ណភាព, អនាម័យ និង បរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

បន្ថែមពីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថានធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបមើឱ្យការអភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយយើងត្រូវរួមគ្នា «រួមគិត, រួមធ្វើ, រួមទទួលខុសត្រូវ» ដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជា បន្តជាឆ្នេរសមុទ្រដែលស្អាតលើសកលលោក និងជា «តារារះនាទិសនិរតី» ផងដែរ៕