(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យខេត្តដែលមានសមុទ្រទាំង៤ ហើយដែលមានអ្នកធ្វើដំណើរឆ្លងទៅឆ្លងមក រាប់ទាំងប្រជាពលរដ្ឋ និងទេសចរណ៍ដែរនោះ ត្រូវតភ្ជាប់ការធ្វើដំណើររវាងកោះ និងដីគោកប្រកដោយសុវត្ថិភាព។

ការណែនាំទៅកាន់ខេត្តជាប់មាត់សមុទ្រទាំងបួន រួមមាន ខេត្តព្រះសីហនុ កោះកុង កំពត និងកែបនៅឱកាសនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន មើលឃើញថា កន្លងទៅការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទៅកាន់បណ្ដាកោះ និងការធ្វើដំណើរពីបណ្ដាកោះ មកដីគោកវិញ ហាក់មានហានិភ័យ។ ការងារនេះសម្ដេចធ្លាប់បានណែនាំម្ដងរួចមកហើយ កាលពីបើកពិធីបុណ្យសមុទ្រនៅខេត្តកោះកុង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានដាស់តឿនឱ្យបណ្ដាខេត្ត យកចិត្តទុកដាក់ទៅលើការតភ្ជាប់ផ្ទៃក្នុង ទាក់ទងការបញ្ជូនទេសចរណ៍ អ្នកធ្វើដំំណើររបស់យើង ពីដីគោក ទៅកាន់ដីកោះ ត្រូវធានាឱ្យបាននូវការតភ្ជាប់ទេសចរណ៍ ពីដីគោក ទៅកាន់ដីកោះដោយមធ្យោបាយសុវត្ថិភាពបំផុត និងលឿនបំផុត»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី សង្ឃឺមថា ខេត្តទាំង៤ ដែលមានកោះ ហើយដែលត្រូវបញ្ជូនអ្នកទេសចរទៅទីនោះ រាប់ទាំងប្រជាជននេសាទផង ត្រូវទទួលឱ្យបាននូវព័ត៌មានជាក់លាក់ស្ដីពីអាកាសធាតុ ដើម្បីធានាថា ប្រជាជននេសាទក្ដី និងទេសចរណ៍ នឹងមិនមានគ្រោះថ្នាក់ដោយការលិចទូក ឬលិចនាវាចម្លងនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នៅខេត្តព្រះសីហនុ ក៏ធ្លាប់បានជម្លៀសប្រជាពលរដ្ឋពីកោះរ៉ុង មកកាន់ដីគោកផងដែរ ដូច្នេះត្រូវតែមានមធ្យោបាយគ្រប់គ្រាន់ និងព័ត៌មានជាក់លាក់ដើម្បីធ្វើការជម្លៀស ឬអន្ដរាគមន៍បែបណានោះ ត្រូវត្រៀមឲ្យខាងតែបាន។

គួរជម្រាបថា ពាក់ព័ន្ធបញ្ហាអាកាសធាតុនៅលើផ្ទៃសមុទ្រនេះ កន្លងទៅក្រសួងធនធានទឹក និងឧតុនិយម តែងតែបានជូនដំណឹងយ៉ាងទៀងទាត់នៅពេលមានអាកាសធាតុប្រែប្រួលម្ដងៗ។ ដោយឡែក សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុតែម្ដង នៅពេលមានបញ្ហាអាកាសធាតុម្ដងៗ គឺតែងតែជូនដំណឺងជាបន្ទាន់ដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្ដល់ព័ត៌មានទាំងអស់នេះ តាមរយៈមធ្យោបាយផ្សេងៗទៅកាន់ភ្ញៀវទេសចរ និងប្រជានេសាទ និងឈានដល់ការផ្អាកការធ្វើដំណើរថែមទៀតផង៕